ភ្នំពេញ ៖ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អះអាងថា ប្រទេសកម្ពុជា រីកចម្រើនឥតឈប់ឈរ ជាមួយកំណើនសេដ្ឋកិច្ច ដ៏រឹងមាំដែលកើតចេញ មកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Angela Corcoran ថ្លែងថា “ការរីកចម្រើនដ៏ឥតឈប់ឈរបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ដែលការសម្រេចបានទាំងនេះ គឺកើតមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដាក់ចេញ និងការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យ” ។
ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ជាក់ស្តែង អូស្ត្រាលី បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដោយតម្រង់វិស័យ នៃកិច្ចសហប្រតិបត្តិការរបស់អូស្ត្រាលី ឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា របស់កម្ពុជា ជាពិសេស ការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង