ព័ត៌មានជាតិ

ក្រុមហ៊ុនថៃមួយ ចាប់អារម្មណ៍ នឹងសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ

ភ្នំពេញ៖ ដោយមើលឃើញ ពីសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) និងទឹកចិត្តឆន្ទៈ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមនេះ ក្រុមហ៊ុនRukshinedan Limited Partership បានប្រគល់បរិក្ខារពេទ្យ ជាច្រើនប្រភេទ ជូនដល់សមាគមTYDA នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ម៉ៅ ស៊ីវ៉ាត តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលTYDA រួមជាមួយនឹងក្រុមការងារ ជាច្រើនរូបទៀត។

លោក Pisanu Saratee និងលោកស្រី Tunyschanok Ropmuang ថ្នាក់ដឹកនាំក្រុមហ៊ុន បានចាប់អារម្មណ៍ ចំពោះសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃរបស់TYDA លោក និងលោកស្រីក៏បានប្រាប់ដល់មិត្តភក្តិ និងបានរួមគ្នាប្រមូលថវិកាទិញសម្ភារៈ ដើម្បីសកម្មភាពមនុស្សធម៌ ជាមួយសមាគមTYDA។ លោកនិងលោកស្រី ដែលតំណាងឲ្យគណៈប្រតិភូថៃ ក៏បានបន្ថែមថា លោកនឹងខិតខំគៀងគរមិត្តភក្តិ និងសប្បុរសជនដទៃទៀត ឲ្យចូលរួមនៅក្នុងសកម្មភាពសង្គម ដ៏ល្អប្រពៃនេះ។

លោក ម៉ៅ ស៊ីវ៉ាត ជំនួសមុខឱ្យលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Rukshinedan Limited Partership និងសប្បុរសជនដទៃទៀត ដែលមានទឹកចិត្ត និងចំណាប់អារម្មណ៍ ក្នុងការចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជាមួយសមាគមTYDA។ លោកបន្ថែមថាអំណោយមនុស្សធម៌នេះ នឹងត្រូវប្រើប្រាស់ នៅក្នុងសកម្មភាពរបស់សមាគម ដើម្បីជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថានេះ គឺជាការចាប់អារម្មណ៍ សកម្មភាពមនុស្សធម៌ និងការចូលរួមពីសំណាក់ក្រុមហ៊ុនមួយ នៅក្នុងចំណោមបណ្ដាក្រុមហ៊ុន អង្គការ ដៃគូរជាច្រើនទៀត ដែលបានចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌ របស់សមាគម TYDA នាពេលកន្លងមក៕

To Top