ព័ត៌មានជាតិ

លោក វេង សាខុន ស្នើរាជបណ្ឌិតសភា វិទ្យាសាស្រ្តកសិកម្មចិន ផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា សម្រាប់រយ:ពេលខ្លីឬវែង

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈលោកស្រី Wang Chunxia សាកលវិទ្យាធិការរង សាលាក្រោយឧត្តមនៃ រាជបណ្ឌិតសភា វិទ្យាសាស្រ្តកសិកម្ម បានស្នើរាជបណ្ឌិតសភាចិន ផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា សិក្សានៅប្រទេសចិនបន្ថែមទៀត សម្រាប់រយ:ពេលខ្លីឬវែង ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Wang បានបង្ហាញ ពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យ របស់កម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។

លោកស្រីបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយ សារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំស្រី ក៏បានសម្តែងនូវអំណរ សាទរចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមក។

ក្នុងឱកាសនោះផងដែរ លោកស្រី បានជម្រាបពីគោលបំណង របស់គណ:ប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់ ឲ្យបានស៊ីជម្រៅបន្ថែមទៀត ពីការបណ្តុះបណ្តាល ធនធានមនុស្សក្នុង វិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្ម ទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះគឺដើម្បីពិនិត្យ ពិចារណាបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មចិន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើឲ្យវិស័យកសិកម្ម នាពេលអនាគតដ៏ខ្លី។

នាឱកាសនោះផងដែរ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយ:ពេលកន្លងមក រហូតមកទល់បច្ចុប្បន្ន ហើយនេះគឺជាគោល នយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់លោកប្រធានាធិបតី ស៊ី ជីនពីង។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់រាជបណ្ឌិតសភា នាពេលនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះឆន្ទៈបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបណ្តុះ បណ្តាលធនធាន មនុស្សគ្រប់កម្រិត រួមទាំងវគ្គបណ្តុះបណ្តាល សម្រាប់រយ:ពេលខ្លី វែង និងការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិត ដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមនូវ រាល់ចំណេះដឹង ធ្វើយ៉ាងណាអភិវឌ្ឍ វិស័កសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ថែមទៀត ស្របតាមអ្វីដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តទំនើបកម្ម កសិកម្ម តាមរយៈប្រើប្រាស់ បច្ចេកវិទ្យាទំនើប ទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វេង សាខុន បានស្នើសុំឲ្យរាជបណ្ឌិតសភា ពិចារណាផ្តល់អាហារូប ករណ៍សម្រាប់រយ:ពេលខ្លី ឬវែងគ្រប់កម្រិត ឬជាលក្ខណបណ្តុះបណ្តាល រយ:ពេលខ្លី ឬវែងសម្រាប់និស្សិតកម្ពុជា ឲ្យបានទៅបន្តការសិក្សា នៅសាធារណរដ្ឋប្រមានិតចិន ក្នុងវិស័យកសិកម្ម ឲ្យបានកាន់តែច្រើន នាពេលអនាគត។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យភូមិន្ទ កសិកម្ម លោករដ្ឋមន្ត្រីស្នើសុំឲ្យរាជបណ្ឌិតសភា រៀបចំឯកសារអនុស្សរណ នៃការយោគយល់គ្នា (MOU) ឲ្យបានឆាប់ដើម្បីដាក់ជូនក្រុមការងារ របស់ភាគីទាំងពីរពិនិត្យ និងចុះហត្ថលេខា ប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ខាងមុខ៕ដោយ បាន ធារ៉ូ

To Top