ព័ត៌មានជាតិ

មហោស្រពជាតិ ភាពយន្ដលើកទី៦ លើកស្ទួយដំណើរការ ភាពយន្ដនៅកម្ពុជា

ភ្នំពេញ ៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្ប: បានចាត់ទុកថា មហោស្រពជាតិ ភាពយន្ដលើកទី៦ ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏មានសារសំខាន់ ក្នុងការរួមចំណែកលើកស្ទួយ ដំណើរការអភិវឌ្ឍ ឧស្សាហកម្មភាពយន្ដនៅកម្ពុជា។

ក្នុងពិធីបិទមហោស្រពជាតិភាពយន្ដ លើកទី៦ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សោម សុគន្ធ បានថ្លែងថាសព្វថ្ងៃរោងកុននៅកម្ពុជា មានការកើនឡើង ដូច្នេះបញ្ជាក់ឲ្យឃើញថា កំណើនរោងកុននៅកម្ពុជា គឺជាទីផ្សារដ៏សំខាន់ សម្រាប់ការដោះដូរ ផលិករភាពយន្ដ និងជាគ្រឹះដ៏រឹងមាំ សម្រាប់ជួយឧស្សាហកម្មភាពយន្ដ។

លោកមានប្រសាសន៍ថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចាត់ទុកថា មហោស្រពជាតិភាពយន្ដ លើកទី៦ ឆ្នាំ២០១៩ នាពេលនេះ គឺជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏មានសារសំខាន់ ក្នុងការរួមចំណែកលើកស្ទួយ ដំណើរការអភិវឌ្ឍន៍ ឧស្សាហកម្មភាពយន្ដនៅកម្ពុជា”។

ជាងនេះទៅទៀត រដ្ឋលេខាធិការថា ទន្ទឹមនឹងវឌ្ឍនភាព ក្នុងបរិបទសម័យឧស្សាហកម្មទី៤ នៃវិស័យភាពយន្ដកម្ពុជា ក៏ប្រឈមបញ្ហាធំៗមួយចំនួនផងដែរ ដែលត្រូវទាមទារ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយរួមគ្នា ជាពិសេស ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងពង្រឹងលើកកម្ពស់គុណភាពជាតិ ឲ្យវិវត្តន៍ឈានឡើងសំដៅ រួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយវប្បធម៌ជាតិ។

ចំណែកលោក លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងជាប្រធាន គណៈកម្មការរៀបចំ មហោស្រពភាពយន្តជាតិ លើកទី៦ ឆ្នាំ២០១៩ បានបញ្ជាក់ដែរថា ការប្រារព្ធពិធី មហោស្រពជាតិភាពយន្ដ លើកទី៦ ឆ្នាំ២០១៩ ស្របពេល ដែលឧស្សាហកម្មភាពយន្ដនៅកម្ពុជា បាននិងកំពុងពង្រឹង និងវិវត្តន៍ឈានឡើង គួរឲ្យកត់សំគាល់។ ដោយពិនិត្យឃើញថា ២ឆ្នាំកន្លងមកនេះ បរិមាណនៃការផលិត និងការចាក់បញ្ចាំងភាពយន្ដខ្មែរ ទាំងលើទូរទស្សន៍ និងតាម រោងកុន មានកំណើន មានសេ្ថរភាព ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃវិស័យភាពយន្ដនៅកម្ពុជា។

លោកបន្ថែមថា ទន្ទឹមការអភិវឌ្ឍភាពយន្ដកម្ពុជា ក៏ប្រឈមកត្តាមួយចំនួនផងដែរ ទាំងកត្តាធនធានមនុស្ស សំភារៈ បច្ចេកទេស ដើមទុនផលិត និងទីផ្សារ ជាដើម។

លោកថា ដើម្បីលើកកម្ពស់ ភាពយន្ដនៅកម្ពុជា យកទៅប្រកួតប្រជែងទីផ្សាអន្ដរជាតិ ក្រសួងបានដាក់ចេញវិធានការ មួយចំនួន រួមមាន ៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស បង្កភាពងាយស្រួល ដល់អ្នកវិនិយោគវិស័យភាពយន្ដ លើកទឹកចិត្តស្រួលផ្នែកពន្ធដារ ព្រមទាំងស្រួលបទដ្ឋាននានាផងដែរ។

សូមរំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជយលាភី ពានរង្វាន់ស្នាដៃភាពយន្តឆ្នើមនៅក្នុង មហោស្រពជាតិលើកទី៦ ឆ្នាំ២០១៩ ហើយគឺបានទៅលើផលិតកម្ម LD Pictures ដែលបានផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ដោយទទួលបានពានមួយអម ដោយទឹកប្រាក់ ចំនួន៣០លានរៀល ។

ចំពោះពានរង្វាន់ និងជ័យលាភី ក្នុងមហោស្រពភាពយន្តជាតិ លើកទី៦ មានចំនួន១៥ រួមមាន ៖ ពានរង្វាន់សម្រាប់ស្នាដៃភាពយន្តល្អផ្តាច់គេ នឹងទទួលបានពានមួយអម ដោយប្រាក់៣០លានរៀល ពាន់រង្វាន់សម្រាប់អ្នកដឹកនាំដំបូង ទទួលបានពានមួយអបដោយទឹកប្រាក់ ៤លានរៀល ពានរង្វាន់ទទួលបានការគាំទ្រច្រើន ពីទស្សនិកជនច្រើន ទទួលបានពានមួយអបដោយ ទឹកប្រាក់៤លានរៀល ពានរង្វាន់បុគ្គល ដែលមានជំនាញឯកទេសឆ្នើមទាំង៨ ឯកទេសទទួលបានពានមួយ អបដោយទឹកប្រាក់៤លានរៀល ពានរង្វាន់បានតួសម្តែងល្អ ទទួលបានទឹកប្រាក់១លានរៀល។

ចំពោះពានរង្វាន់អ្នកតុបតែង ឆាកឆ្នើមបានទៅលើរឿងវាលប្រម៉ាញ់ ,ពានរង្វាន់អ្នកកាត់ត និងដំឡើងរូបភាពឆ្នើម បានទៅលើរឿងនាឡិកា ដាស់វិញ្ញាណ ពានរង្វាន់អ្នកផ្គុំសម្លេងឆ្នើម បានទៅលើរឿងនាឡិកាដាស់វិញ្ញាណ ពាន់រង្វាន់តួសម្តែងបុរសឆ្នើមបានទៅលើរឿងស្នាហារក្មេងៗ ពាន់រង្វាន់តួសម្តែង នារីឆ្នើមបានទៅលើរឿង វិបល្លាស ពាន់រង្វាន់អ្នកដឹកនាំរឿង ដំបូងបានទៅលើរឿងស្នេហាក្មេងៗ ពានរង្វាន់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនច្រើនបានទៅលើរឿងធ្មប់ ពានរង្វាន់អ្នកថតភាពយន្តឆ្នើមបានទៅលើរឿង វិបល្លាស ពានរង្វាន់អ្នកដឹកនាំរឿង ឆ្នើមបានទៅលើ រឿងនាឡិកា ដាស់វិញ្ញាណពានរង្វាន់អ្នកនិពន្ធឆ្នើមបានទៅលើរឿង រឿងស្នាហាក្មេងៗ និងពានរង្វាន់សម្រាប់ស្នាដៃភាពយន្ត ឆ្នើមសម្រាប់មហោស្រពឆ្នាំ២០១៩ បានទៅលើរឿងនាឡិកា ដាស់វិញ្ញាណ ៕ ដោយ៖ អេង ប៊ូឆេង

To Top