ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អំពាវនាវដល់ពលរដ្ឋ ថែរក្សាទឹកទុកនារដូវប្រាំងនេះ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែង ធ្វើការអំពាវនាវដល់ពលរដ្ឋ ឲ្យរួមថែរក្សាប្រភពទឹក រួមទាំងទឹកក្រោមដី ដើម្បីផ្គត់ផ្គង់តម្រូវការឲ្យបានគ្រប់គ្រាន់ ដោយសារប្រទេសយើង អាចប្រឈមនឹងគ្រោះរាំងស្ងួត ដែលអូសបន្លាយពេលយូរ។

ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងឱកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ឡជីវឧស្ម័នវិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូង បានប្រមាណ២តោន ក្នុងមួយឡ យ៉ាងច្រើន ហើយឡជីវឧស្ម័ននេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤.៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំផងដែរ។

លោកស្រីបានបញ្ជាក់ថា ទី១. អាចជួយដល់ការកាត់បន្ថយ ចំណាយលើការបំភ្លឺ និងមិនទិញជីគីមីប្រើប្រាស់ លើដំណាំដោយបង្កើនជីធម្មជាតិស្រស់ទឹក និងគោក សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ដែលជួយប្រែគុណភាពដីកសិកម្ម ។

ទី២ ជួយកាត់បន្ថយ ការកាប់បំផ្លាញព្រៃឈើ កាតបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពី ឧស្ម័នមេតាន និងកាត់បន្ថយឧស្ម័នកាបូនិក។ ទី៣ ជួយកាត់បន្ថយក្លិនស្អុយពី ការចិញ្ចឹមសត្វ ដោយការតភ្ជាប់ បង្គន់អនាម័យនឹងឡជីវឧស្ម័ន។

ទី៤ អ្នកប្រើប្រាស់មានពេលវេលា ចូលរួមក្នុងសង្គម មានពេលវេលាធ្វើការផ្សេង ទៀតបាន មានភ្លើបំភ្លឺផ្ទះពេលយប់ ជួយដល់ការរៀនសូត្ររបស់កូនចៅ កាត់ បន្ថយបន្ទុក ការងាររបស់ស្រ្តី និងកុមារ ដោយមិនចាំបាច់ចូលព្រៃរកអុសធ្យូង និងម្យ៉ាងទៀត បង្កើតបានការងារ ដល់អ្នកគ្មានការងារធ្វើក្នុងស្រុក តាមរយៈ ការបង្កើតឲ្យមាន ភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ដែលកាត់បន្ថយការធ្វើ ចំណាកស្រុកទៅធ្វើការ នៅក្រៅប្រទេស៕

To Top