ព័ត៌មានជាតិ

ប្រធាន ស.ស.យ.ក. អះអាង ថា អនាគតរបស់ សង្គមជាតិ និងសុភមង្គល របស់ប្រជាជន គឺមានសារៈសំខាន់បំផុត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា អនាគតរបស់សង្គមជាតិ និងសុភមង្គល របស់ប្រជាជន គឺមានសារៈសំខាន់ បំផុត ដែលមិនអាចបណ្តាយ ទៅតាមយថាហេតុ ឬឲ្យមានភាព ចៃដន្យណាមួយ កើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។

តាមរយៈ សេចក្ដី ប្រកាស ព័ត៌មាន ស្ដីពី ខួបលើកទី៤១ ថ្ងៃកំណើតសហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០វិច្ឆិកានេះ លោក ហ៊ុន ម៉ានី បានថ្លែងបន្ថែមថា ប្រាកដណាស់ពេលនេះ ពេល ដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាពវាក៏ជាពេលដែលយុវជនកម្ពុជា ត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងកាចូលរួមចំណែក របស់ខ្លួនដើម្បី សង្គមជាតិនិងប្រជាជន។ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផល ជាច្រើនសម្រាប់ជាតិ មាតុភូមិ។ ប៉ុន្តែលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. នៅមានការងារ ជាច្រើនទៀតដែលត្រូវធ្វើ។

លោក បានមានប្រសាសន៍ថា “យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថាសង្គមអនាគត នឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈមដែលទាមទារ ឲ្យយើងមិនត្រឹមតែ ត្រៀមខ្លួនដើម្បីទប់ទល់ ប៉ុន្តែថែមទាំងប្រើប្រាស់ ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅទៅជាកាលានុវត្តភាពថ្មីសម្រាប់ ការរីកចម្រើនរបស់ជាតិ យើងបន្តទៅទៀត”។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេថា នឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដី និង ការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាត នូវរាល់ការគំរាមកំហែងគ្រប់រូប ភាពទាំងអស់ទាំងក្នុង និងក្រៅប្រទេស។

សូមរំលឹកថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីអបអរសាទរខួបលើកទី ៤១ នៃថ្ងៃកំណើត របស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក រាជធានីខេត្ត ទូទាំងប្រទេស សរុបចំនួនប្រមាណ ៩០០០ នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃសៅរ៍ ទី៣០ខែវិច្ឆិកា ឆ្នាំ២០១៩។

ពិធីអបអរសាទរខួបលើកទី ៤១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង(១) ដើម្បីរម្លឹកនូវគុណូការៈ និងការលះបង់របស់ យុវជនជំនាន់មុន និងបុព្វបុរសរបស់យើង (២) អបអរសាទរនូវសមិទ្ធផលនានាដែល សម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ននេះ និង(៣) ត្រៀមខ្លួនក្នុងការចូលរួមចំណែក ដើម្បីនាំកម្ពុជាទៅ អនាគតឱ្យកាន់តែ ប្រសើរ។

ក្នុងឱកាសនៃកម្មវិធីដ៏ពិសេសនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការរម្លឹកឡើងវិញអំពីមូលហេតុ បរិបទ និងកាលៈទេសៈ ដែលជាហេតុ នាំឲ្យមានការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក. ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ត្រូវបានបង្កើតឡើង កាលពី៤១ ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការដឹកនាំ របស់ សម្តេចជាស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងបុព្វហេតុផ្ដលរំលំរបបខ្មែរក្រហម និងរំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ ដ៏សាហាវ យង់ឃ្នង។

លោកហ៊ុន ម៉ានី បានរំលេចពីឆន្ទៈយ៉ាងមុះមុត និងហ៊ានលះបង់ក្រោមស្មារតី ២ធ្នូ របស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុន ដែលបានដាក់ជីវិតធ្វើជា ដើមទុន ក្នុងការបំពេញបេសកកម្មដ៏ គ្រោះថ្នាក់ដើម្បីសុខសុវត្ថិភាពរបស់ ប្រជាជនខ្មែរខណៈពេលដែលពិភពលោក មិនបានខ្វាយខ្វល់ទាល់តែ សោះអំពីឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ និងទុក្ខសោកដែល ប្រជាជនកម្ពុជា រងគ្រោះ នាពេលនោះ។

លោកបានមានប្រសាសន៍ថា “កម្ពុជាមិនមានជម្រើសផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំដោះ សង្គ្រោះប្រជាជន និងកសាងជាតិ ឲ្យរស់ឡើងវិញ”។ លោកក៏បានបង្ហាញពីការចងចាំមិនភ្លេចនូវគម្រូ វីរភាពរបស់យុវជនជំនាន់មុន បើទោះបីជា ៤១ ឆ្នាំបានកន្លងផុតទៅ តែស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយុវជនជំនាន់ ក្រោយគ្រប់ៗរូប។

សូមជម្រាបជូនផងដែរថា ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះ មកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឱ្យ បាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុក ដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយ សង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានា សម្រាប់កម្ពុជា។ ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់ យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួល ស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ ផ្តើមចេញពីកិច្ចការងារ សម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជន គ្រប់រូបដែលមានចិត្ត និងគោលបំណង ដូចគ្នាក្នុងការ ផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និង ប្រជាជន។ ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈ ការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមចំណែក ក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាត ឲ្យយុវជន គ្រប់និន្នាការចូលរួម បានយ៉ាងទូលំទូលាយ។

ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានា ផ្សេងៗ៕

To Top