ភ្នំពេញ៖ បន្ទាប់ពីចូលមកទីផ្សារ កម្ពុជាបាន ១ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW Cambodia បានវិវត្តន៍ខ្លួនរីកចម្រើនយ៉ាងឆាប់ រហ័យ រហូតត្រូវបានម្ចាស់ក្រុមហ៊ុន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានកំណត់គោលថៅថ្មី ក្នុងការពង្រីកសាខា និងអនុសាខាឲ្យបានយ៉ាងហោច ២០ នៅឆ្នាំ២០២០ ទូទាំងប្រទេសកម្ពុជាទៀតផង ។
ការអះអាងនេះ បានធ្វើឡើងក្នុងពិធីចុះអនុសារណយោគគ្នា និងប្រគល់សិទ្ធបើកសាខា និងអនុសាខារបស់ KW Cambodia ចំនួន ៣បន្ថែមទៀត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នេះ រវាងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាមួយលោកលោក អ៊ិន ដារ៉ា ប្រធានសាខាខេត្តបាត់ដំបង, លោក ហេង រដ្ឋា ប្រធានអនុសាខាក្រុងតាខ្មៅ និងលោក សេន ហ៊ី ប្រធានអនុសាខាស្រុកកៀនស្វាយ ។
លោកឧកញ៉ាថា ដំបូងឡើយលោកគ្រោងបើកសាខា និងអនុសាខាត្រឹម ១០ ប៉ុណ្ណោះត្រឹមឆ្នាំ២០២០ តែដោយម៉ូឌែលខ្លួនដើរ លឿនជាងផែនការ ដោយបច្ចុប្បន្នក្រុមហ៊ុនបើកសាខាបាន ៥ និងអនុសាខាន ៣ ហើយចុងឆ្នាំនេះ នឹងបើកសាខាធំៗ ២ ទៀត ដូច្នេះសរុបគឺ ១០ ហើយ ។ ហេតុនេះទើបលោករំពឹងឆ្នាំ២០២០ សាខា និងអនុសាខាអាចកើនដល់ ២០ ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំដំបូង KW Cambodia បានចំណាយប្រាក់ប្រមាណ ២២ម៉ឺនដុល្លារលើផែនការត្រៀមខាតទៀតផង ។
លោកថា «មុននាំចូល KW មកកម្ពុជា ខ្ញុំបារម្ភ ១លានដុល្លារ ៣ឆ្នាំ អាចដំណើរការអត់? តែជាក់ស្ដែង គឺដើរ ដើរលឿនខ្លាំង អាចថាលឿនជាង ៣ដង នៃអ្វីខ្ញុំរំពឹង ។ អញ្ចឹងឆ្នាំនេះ យើងត្រៀមខាត ៤០ម៉ឺនដុល្លារ តែចុងក្រោយខាតតែ ១៨ម៉ឺន មានន័យថា យើងចំណេញបាន ២២ម៉ឺនដុល្លារលើផែនការខាត ហើយឆ្នាំ២០២០ យើងត្រៀមខាន ៣០ម៉ឺនដុល្លារ យើងងរំពឹងខាតយ៉ាងច្រើន ៥ម៉ឺនដុល្លារប៉ុណ្ណោះ ហើយឆ្នាំទី២០២១ យើងនឹងចំណេញ អាចចំណាយកាន់តែច្រើនទៀត បើសិនសាខា និងអនុសាខាយើងបន្ដវិវត្តន៍លឿនដូចបច្ចប្បន្ន» ។
ទន្ទឹមជាមួយគ្នាប្រធានសាខា និងអនុសាខាថ្មីទាំង ៣រូបខាងលើ បានសម្ដែងការពេញចិត្ត និងភាពកក់ក្ដៅជាខ្លាំង ក្រោយបានក្លាយជាសមាជិករបស់គ្រួសារ KW Cambodia ដោយពួកលោកបានបង្ហាញនូវការជឿជាក់ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យឲ្យបានរឹងមាំ ស្របតាមស្ដង់ដាររបស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះ ដើម្បីជំរុញអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន និងឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នានាថ្ងៃអនាគត ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន បន្ទាប់ពីដំណើរការជាង ១ឆ្នាំ ក្រុមហ៊ុន KW Cambdia បានបើកសាខា និងអនុសាខាសរុបចំនួន ៨ ហើយ រួមមានសាខាខណ្ឌទួលគោក, ខណ្ឌជ្រោយចង្វារ, ខណ្ឌឬស្សីកែវ, ខណ្ឌសែនសុខ និងសាខាខេត្តបាត់ដំបង ខណៈអនុសាខា គឺមានអនុសាខាក្រុងបាវិត អនុសាខាក្រុងតាខ្មៅ និងអនុសាខាស្រុកកៀនស្វាយ ហើយក្រុមហ៊ុនក៏ត្រៀមបើកសាខាចំនួន ២ បន្ថែមទៀត មុនដាច់ឆ្នាំ២០១៩ ផងដែរ ៕