ស្វាយរៀង ៖ ដើម្បីធានាឱ្យបានសុវត្ថិភាព ចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រី សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញ ជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ដែលដាក់តាំងលក់ នៅក្នុងផ្សារមួយនេះ។
លោកផឹង និល បានប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងឲ្យដឹងថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។
លោកបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួន ជាច្រើនមុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះមានប័រ២០កំប៉ុង និងងៀតត្រីផ្ទោង៤០គីឡូក្រាមចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។
លោកផឹង និលបានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕