ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានបង្ហាញការ ជឿជាក់យ៉ាងខ្លាំងថា សហរដ្ឋអាមេរិក នឹងមិនកាត់ផ្តាប់នូវ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីកម្ពុជាឡើយ ។
លោក សុខ ឥសាន បានលើកឡើងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ថា “ក្រោមទំនាក់ទំនងល្អលើវិស័យការងារ គម្រោងរោងចក្រកាន់ តែប្រសើរជាមួយសហរដ្ឋអាមេរិក បន្តរយៈពេល៣ឆ្នាំទៅមុខទៀតដល់ឆ្នាំ២០២២ ដូច្នេះគ្មានទេ ការផ្តាច់ GSP ដូចពួកអគតិនិយាយនោះ”។
ការបង្ហាញការជឿជាក់បែបនេះ ក្រោយពីលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានចូល ជួបសម្តែងការគួរសមជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ ភាគីទាំងពីរបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាព បន្តទៅទៀតដែលមានគម្រោងរោងចក្រកាន់តែល្អ ប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៣ឆ្នាំ ទៀតពីឆ្នាំ២០២០-២០២២។
សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ត្រូវបានអាមេរិកផ្តល់ឲ្យកម្ពុជាសារជាថ្មី កាលពីដើមឆ្នាំ២០១៨ ។ ការអនុគ្រោះពន្ធGSP ដែលកម្ពុជាទទួលបាននឹងមាន សុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្រោមកម្មវិធី GSP កម្ពុជានាំទំនិញចូលទីផ្សារអាមេរិក ចំនួន ៤០០លានដុល្លារ នៅឆ្នាំ២០១៧ ដោយមិនបង់ពន្ធគយ ។
ប៉ុន្តែនៅដើមឆ្នាំ២០១៩ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក Ted Cruz និងលោក Chris Coons បានដាក់សំណើរទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតី ឲ្យធ្វើការពិនិត្យមើលឡើងវិញ លើឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ដើម្បីជាថ្នូរឲ្យកម្ពុជាគោរពតាមលក្ខខណ្ឌមួយចំនួន ដូចជា ការគោរពសិទ្ធិកម្មករ លុបបំបាត់ពលកម្មកុមារ ការពារកម្មសិទ្ធិបញ្ញា៕