ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល៖ ២០២០ នឹងបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ២ និងលេខ២២

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដុ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា នៅឆ្នាំ២០២០ខាងមុខ នឹងបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ២ឡើងវិញ និងផ្លូវជាតិលេខ២២ ផងដែរ ។

ក្រោយបញ្ចប់វេទិកា ស្ដីពីការចល័តនៅតំបន់ទីក្រុង ការផ្លាស់ប្ដូរនិងការវិនិយោគ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ការសាងសង់ផ្លូវជាតិលេខ២ឡើងវិញ និងផ្លូវជាតិលេខ២២ គឺគ្រឿងចាក់ បានមកដល់កម្ពុជាជាបណ្ដើរៗហើយ ។ សម្រាប់ថវិកាវិញ ក៏មានគ្រប់គ្រាន់អស់ដែរ រង់ចាំតែពេលវេលា ដើម្បីស្នើសុំវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីភាពតែប៉ុណ្ណោះ។

លោកបន្តថា “ផ្លូវជាតិលេខ២នេះ គឺឆ្នាំ២០១៩នេះ មិនទាន់អាចបើកការដ្ឋានបានឡើយ ដោយសារពេលវេលា ។ យើងត្រូវស្នើសុំពេលវេលាសមស្រប របស់សម្ដេចនាយករដ្ឋមន្រ្តី។ អីចឹងខ្ញុំជឿជាក់ឆ្នាំ២០២០នឹងបើកការដ្ឋាន១០០% ។ ឆ្នាំ២០២០ បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ហើយ” ៕ ដោយ ៖ ធី លីថូ

To Top