ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ខ្ញុំអត់បាននិយាយ ឲ្យយកស្លាកលេខចាស់ ដូរយកថ្មីមាន QR code ដោយមិនបង់ប្រាក់ឡើយ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន មិនច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋភ័ន្តច្រឡំថា ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យប្រជាពលរដ្ឋ យកស្លាកលេខយានយន្តចាស់ៗ យកមក ដូរយកលេខថ្មីៗ ដែលមាន QR code ដោយមិនមានការបង់ប្រាក់នោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ បានបដិសេធ ចំពោះការចុះផ្សាយបែបនេះ ។

លោក ស៊ុន ចាន់ថុល រៀបរាប់ក្រោយចប់វេទិកា ស្ដីពីការចល័តនៅតំបន់ទីក្រុង ការផ្លាស់ប្ដូរ ការវិនិយោគ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ថា “ម្សិលមិញមានការផ្សព្វផ្សាយព័ត៌មាន មិនច្បាស់លាស់ មិនត្រឹមត្រូវថា ក្រសួងសាធារណការ បានអះអាងឲ្យប្រជាពលរដ្ឋ មានស្លាកលេខចាស់អត់មាន QR code មកដូរដោយមិនបាច់បង់ថវិកា ។ អីចឹងខ្ញុំសូមឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយឡើងវិញ មិនមែនខ្ញុំនិយាយចឹងទេ ខ្ញុំនិយាយថា ខ្ញុំបានធ្វើលិខិតសំណើទៅក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យនិងពិចារណា តើរាជរដ្ឋាភិបាលយើង អាចផ្ដល់ជាថវិកា ចេញជំនួសបងប្អូនយើង ដែលមានស្លាកលេខចាស់នេះ ឲ្យមកយកលេខថ្មី មាន QR code ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់គាត់ លំនៅដ្ឋានគាត់ ឈ្មោះគាត់” ។

ប៉ុន្តែលោករដ្ឋមន្រ្តីបញ្ជាក់ថា ការស្នើសុំរបស់លោកនេះ មិនទាន់បានសម្រេចឡើយ ដោយសារមន្រ្តីក្រសួងសេដ្ឋកិច្ច កំពុងធ្វើការជាមួយ មន្រ្តីក្រសួងធារណការ ឲ្យបានគ្រប់ជ្រុងជ្រោយសិន ទើបដាក់សំណើ ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសម្តេចពិចារណាយល់ នឹងបញ្ចេញថវិកាជាតិ ធ្វើស្លាកលេខថ្មីជូនពលរដ្ឋ ដោយមិនតម្រូវឲ្យពួកគេបង់ប្រាក់ ។

លោកសង្កត់ធ្ងន់ថា បើយានយន្តនៅកម្ពុជា មានស្លាកលេខ QR code ទាំងអស់ពិតជាល្អ ព្រោះដោយសារតែអត់មានស្លាកលេខ QR code នេះហើយ ទើបមានអ្នកខ្លះ មានស្លាកលេខសេះហោះ (ក្លែងក្លាយ) តែបើស្លាកលេខមាន QR code គឺគ្រាន់តែយកទូរស័ព្ទស្មាតហ្វូនដាក់មុខ ដឹងច្បាស់ថា ខុសឬត្រូវច្បាប់ភ្លាមៗតែម្តង ៕

ដោយ៖ធី លីថូ

To Top