ព័ត៌មានជាតិ

នាយករដ្ឋមន្រ្ដីបញ្ចេញ ៥០លានដុល្លារទៀត ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ប្រមូលទិញស្រូវពីកសិករ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រមូលទិញស្រូវពីកសិករ យកមកស្តុកទុក ដើម្បីកិនកែច្នៃ សម្រាបនាំចេញ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ «ធនាគារអភិវឌ្ឍន៍ជនបទ» នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ នឹងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ហើយទុននេះ នឹងចាប់ផ្តើមប្រើប្រាស់ចាប់ពីថ្ងៃ៩ ធ្នូ ។

ជាមួយគ្នានេះ ក្រុមការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីតាមដាន និងត្រួតពិនិត្យ ការអនុវត្តកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យ ស្រូវអង្ករ នឹង ប្រជុំជាលក្ខណៈអន្តរក្រសួង ដើម្បីដោះស្រាយលើបញ្ហានានា ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ នៅថ្ងៃ៦ ធ្នូ ផងដែរ។

ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវម្ចាស់រោងម៉ាស៊ីន និងអ្នកប្រមូលទិញស្រូវ បន្តប្រមូលទិញស្រូវ ក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទាន ស្របតាមលក្ខខណ្ឌរបស់ធនាគារ ៕

To Top