ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យ ធា គ្រុយ ÷ គ្រូពេទ្យ ត្រូវតែបង្កើនសមត្ថភាព វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីព្យាបាលប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់

កំពង់ចាម ÷ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោក សាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា ជាគ្រូពេទ្យត្រូវតែខិតខំ បង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យ និងព្យា បាលជំងឺដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើក ទី១០ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។

លោករដ្ឋលេខាធិការ បានថ្លែងបន្តថា ” លោកពេទ្យ ពួកយើងគឺជាគ្រួសារធំទូទាំងប្រទេស ប្រសិនបើមិនខិតខំបង្កើនសមត្ថភាព វិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ វាអាច ធ្វើ ឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ដឹងប៉ះពាល់ ដល់កិត្តិយសប្រទេសជាតិ យើងទាំងមូលផងដែរ ” ។

លោក ធា គ្រុយ ឲ្យដឹងទៀតថា ជាបទពិ សោធន៍កន្លងទៅ មានគ្រូពេទ្យមួយចំនួន នៅតាមមន្ទីរពេទ្យនៃបណ្ដាខេត្តផ្សេងៗ បានបញ្ជូនអ្នកជំងឺ ដែលមានអាការៈស្រាល ទៅមន្ទីរពេទ្យភ្នំពេញ ជាច្រើនករណី ដែលចំណុចនេះ សបញ្ជាក់ឲ្យឃើញថា ចំណេះដឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅមានកម្រិត ហើយប្រការនេះ អាចធ្វើឱ្យប្រជាពលរដ្ឋ ខ្វះទំនុកចិត្ត និងងាកទៅព្យា បាលនៅបរទេស ពោល គឺប្រទេសជិត ខាង ក្នុងខណៈដែលពួកគេ មានជំងឺតិចតួចប៉ុណ្ណោះ ចំណុចនេះហើយ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់គិតយប់គ្រូពេទ្យ នៃប្រទេសកម្ពុជារបស់យើង ។ ដូច្នេះ គ្រូពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹង ប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ
ដើម្បីអាចឈានទៅ ព្យាបាលសុខភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយស គ្រូពេទ្យយើងទាំងអស់គ្នា ក៏ដូចជា គិត្តិយសប្រទេសជាតិ របស់យើងទាំងមូលផងដែរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងដែរថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាម ដែលបានខ្នះខ្នែង បរិច្ចាគកំលាំងកាយចិត្ត ប្រមូលគ្រូពេទ្យ មកសុំចុះបញ្ជីកាសឹងតែ 100% នៅសេសសល់
មួយចំនួនតិចបំផុត ពិសេសគ្រូពេទ្យទើបចេញថ្មីៗ ហើយក្នុងឱកាសនេះ លោក សូមណែនាំបន្ថែមដល់លោក លោកស្រីប្រធានមន្ទីរពេទ្យ ប្រធានការិយាល័យសុខាភិបាលស្រក ត្រូវយកចិត្តទុកដាក់
ប្រមូលគ្រូពេទ្យ ដែលនៅសេសសល់នេះ អោយរួសរាន់មកដាក់ពាក្យ សុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ ដើម្បីឆ្លើយតបទៅ នឹងការគោរពច្បាប់វិជ្ជាជីវៈសុខាភិបាល។

លោកប្រធានមន្ទីរសុខាភិបាល បានធ្វើការវាយតំលៃលើ សីលធម៌ និង ជំនាញសមត្ថភាព គ្រូពេទ្យដែលមានមកដល់ ពេលនេះ គឺមានជំហានអភិវឌ្ឍន៍ល្អ ដោយសារការចូលរួម ក្នុងការមកក្រេបជញ្ជក់ យកបទពិសោធន៍លើចំណេះដឹង តាមរយៈទិវាអភិវឌ្ឍន៍ និងសិក្ខាសិលា បច្ចេកទេសផ្សេងៗ ដែលរួមចំណែកកាត់បន្ថយ បាននូវភាពថ្នាំងថ្នាក់ និង ហានិភ័យដល់អ្នកជំងឺ។

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត និងបន្តជួយជ្រោមជ្រែង ដល់គណៈគ្រូពេទ្យ ដើម្បីបន្តបេសកកម្ម ដ៏មានសារសំខាន់នេះ អោយកាន់តែទទួលបានជោគជ័យថ្មីៗទៀត ជាគុណប្រយោជន៍ ចំពោះសុខភាព សុខុមាលភាពប្រជាពលរដ្ឋ និងសូមក្រើនរំលឹក ដល់រាល់អាជីវកម្មគ្រប់ប្រភេទ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មិនត្រូវធ្វើអោយហួសពីដែនកំណត់ របស់ច្បាប់អនុញ្ញាតឡើយ៕

To Top