ព័ត៌មានជាតិ

ជប៉ុនសរសើរ ផលិតកម្មសូត្រកម្ពុជាថា មានគុណភាពល្អ

ភ្នំពេញ ៖ លោក TAMURA Tsutomu នាយកចាត់ការទូទៅ ក្រុមហ៊ុន NIPPON KOEI របស់ជប៉ុនបានចាប់អារម្មណ៍ លើផលិតកម្មសូត្រកម្ពុជា ហើយសរសើរថា មានគុណភាពល្អ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ តាមបែបប្រពៃណី តាំងពីបុរាណកាលមក ។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោក TAMURA Tsutomu បានថ្លែងថា “ក្រុមហ៊ុនរបស់ខ្ញុំ មានចំណាប់អារម្មណ៍ លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ និយមប្រើប្រាស់តាមបែបប្រពៃណី តាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះ សម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថ សម្រាប់រក្សាសម្ផស្សស្រ្តី ឲ្យនៅក្មេងជាងវ័យ (anti-aging)” ។

លោកបន្តថា សម្រាប់ផលតិកម្មសូត្រនេះកម្ពុជា មានសក្តានុពលខ្លាំង ប៉ុន្តែនៅមិនទាន់បានអនុវត្តឲ្យ ពេញលេញត្រឹមត្រូវ លើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបង ធ្វើឲ្យមានការធ្លាក់ចុះ បាត់បង់តម្លៃបន្ថែមទៀត។

ក្នុងឱកាសនោះ លោក វេង សាខុន ស្នើក្រុមហ៊ុនជប៉ុនសិក្សា ពីមូលបញ្ហាសំខាន់ៗ ធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងធ្លាក់ចុះ បន្ទាប់មកត្រូវដាក់ចេញយន្តការ ដោះស្រាយសមស្រប និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយពង្រឹងពង្រីក ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីចំណុចចាប់ផ្តើម ដល់ផលិតផលសម្រេច និងទីផ្សារ (A to Z) ។

លោកថា ក្នុងនោះត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗ ទៅក្នុងសង្វាក់ផលិតកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់ ៕ ដោយ៖ធី លីថូ

To Top