ព័ត៌មានជាតិ

លោកថោង ខុន ៖ ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារ ដ៏សំខាន់ សម្រាប់កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោក ថោង ខុន អះអាងថា ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ សម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ សង្កេតឃើញមាន ភ្ញៀវទេសចរជប៉ុន កើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិព័រណ៌ទេសចរណ៍ជប៉ុន ឆ្នាំ២០១៩ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកថោង ខុនបានថ្លែងថា “ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយ ដ៏សំខាន់ សម្រាប់កម្ពុជា ។ កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនតែងឈរ នៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗ ទាំង១០របស់ប្រទេសកម្ពុជា”។

លោកបន្តថា ជាក់ស្តែងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរជប៉ុន ជាង២១ម៉ឺននាក់(កើនឡើង ៣.៥%) ក្នុងចំណោម ទេសចរអន្តរជាតិជាង៦លាននាក់។ នៅ៩ខែ ឆ្នាំ២០១៨នេះទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានជាង៤.៨លាន នាក់(+១០%)ដោយក្នុងនោះ មានទេសចរជប៉ុនជិត ១៥ម៉ឺន នាក់ ជាមួយកំណើន២.៨%ធៀបឆ្នាំ២០១៨។

លោកថា ការសម្រេចបានកំណើន ប្រចាំឆ្នាំដ៏ល្អនៃការ មកដល់ចំនួនភ្ញៀវ ទេសចរអន្តរជាតិ ពិសេសទេសចរមិត្តជប៉ុន គឺអាស្រ័យដោយមានមូលដ្ឋាន កំណត់ជាយុទ្ធសាស្ត្រ
ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការអនុវត្តគោល នយោបាយបើកចំហជើងមេឃ និងការសម្រួលការធ្វើដំណើរ រវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន។

លោករដ្ឋមន្រ្តីបន្ថែមថា ជាងនេះទៅទៀត ការតភ្ជាប់ជើង ហោះហើរត្រង់ប្រចាំថ្ងៃ “តូក្យូ-ភ្នំពេញ-តូក្យូ” ដោយក្រុមហ៊ុន ANA បានដំណើរការប្រកបដោយ ជោគជ័យអស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមក គឺមិនត្រឹមតែផ្តល់នូវជម្រើសដ៏ល្អ និងកាន់តែងាយស្រួល សម្រាប់ទេសចរជប៉ុន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបានចូលរួម ពង្រឹងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរឲ្យ កាន់តែជិតស្និទ្ធថែមទៀត ។

លោកថា ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល ២៥ឆ្នាំចុងក្ រោយ ទំហំវិនិយោគទុនជប៉ុន នៅកម្ពុជាបានកើនឡើងជាង ២,៥ពាន់លានដុល្លារ ស្មើនឹង១៣៧គម្រោង ហើយបច្ចុប្បន្នកម្ពុជា មានពាណិជ្ជករជប៉ុន មាន រហូត១,៧០០នាក់ ៕ ដោយ៖ធី លីថូ

To Top