ព័ត៌មានជាតិ

ក្រោមបរិយាកាស អំណោយផល នៃសុខសន្តិភាព និងស្ថិរភាព អ្វីៗមានលំនឹង

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា កងទ័ពជើងគោក ថ្លែងក្នុងពិធីសំណេះសំណាល ចែកផ្ទះជូនសមាជិកសមាគមអតីត យុទ្ធជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់សម្បទានដី សង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ថា ក្រោមបរិយាកាសអំណោយផល នៃសុខសន្តិភាព និងស្ថិរភាព អ្វីៗមានលំនឹង ។

លោក សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលជាច្រើន ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលលើ ការងារអតីតយុទ្ធជន ដោយបានជំរុញការបម្រើសេវា ឧបត្ថម្ភគាំទ្រឱ្យកាន់តែកៀកជិតអ៊ំពូមីង អតីតយុទ្ធជនតាមរយៈយន្តការថ្នាក់ជាតិ ខេត្ត និងស្រុក ក្នុងនោះរួមមានការងារ បេឡាមរណៈ និងការប្រគល់សម្បទាន ដីសង្គមកិច្ច និងសាងសង់ផ្ទះ ចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះសម្បែង ក៏ដូចជាការងារ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត បម្រើឱ្យជីវភាពរស់នៅ សមរម្យរបស់អ៊ំពូមីង អតីតយុទ្ធជន និងគ្រួសារ។

លោកឧត្តមសេនីយ៍ បន្តថា រាជរដ្ឋាភិបាលតែងបានផ្តោត ការយកចិត្តទុកដាក់ខ្ពស់ និងតាំងចិត្តជាប់ជានិច្ចក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការអនុវត្តនូវគោលនយោបាយ លើកទឹកចិត្តផ្សេងៗ ដូចជាការកែសម្រួលដំឡើង ជាបន្តបន្ទាប់នូវប្រាក់ របបគោលនយោបាយឱ្យស្រប តាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ការផ្តល់សេវាថែទាំសុខភាព សម្រាប់អតីតយុទ្ធជន ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយ មិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន តាមរយៈ ប.ស.ស, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងការផ្តល់ សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះ ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលត្រូវបានធ្វើជាជំហាន បន្តបន្ទាប់ តាំងពីដើមរៀងមក និងក្នុងពេល បច្ចុប្បន្ន ព្រមទាំងតតទៅអនាគតផងដែរ។

លោក បន្ថែមថា ការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់អ៊ំពូមីងអតីតយុទ្ធជន គឺជាការបញ្ជាក់អំពី ភាពកត្តញ្ញូដឹងគុណ ចំពោះចូលរួមចំណែកយ៉ាង សកម្មរបស់អ៊ំពូមីង ក្នុងការកសាងស្នាដៃ និងគុណបំណាច់ ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់ បែបយ៉ាងក្នុងការប្រយុទ្ធការពារ ជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់នៅ ក្នុងសេចក្តីសុខសាន្ត ដូចសព្វថ្ងៃនេះ។

លោក អំពាវនាវថា សូមជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចនឹងនៅតែបន្តជួយដល់អ៊ំពូមីងអតីតយុទ្ធជន, នឹងនៅតែបន្តកសាងប្រទេស ហើយសូមអ៊ំពូមីងជួយ ណែនាំអប់រំកូនចៅឱ្យយល់ពី តម្លៃនៃសន្តិភាព ដោយយើងត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាសន្តិភាព ជូនប្រទេសជាតិយើង។

ក្រោមបរិយាកាស អំណោយផលនៃសុខសន្តិភាព និងស្ថិរភាព អ្វីៗមានលំនឹង មានមូលដ្ឋានរឹងមាំ អ៊ំពូមីងអាចប្រើប្រាស់ ទីកន្លែងនេះ ក្នុងពេលនេះ ដើម្បីចាប់ផ្តើមកសាងអនាគត ប្រកបដោយ ភាពសុទិដ្ឋិនិយម សម្រាប់អនាគតកូនចៅ តទៅមុខ៕

To Top