ភ្នំពេញ៖ សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA: Cambodia Real Estate Association) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដោយសម្រេចជ្រើសរើសប្រធាន តាមរយៈការបោះឆ្នោតជ្រើសរើស ពីសមាជិក សម្រាប់អាណត្តិទី៣ (អាណត្តិ២០២០) ដែលបេក្ខភាពឈរឈ្មោះ អ្នកស្រី ចេវ សុឃុន បានទទួលបាន ២១សំឡេង ជាប់ជាប្រធានសមាគម និងជាថ្នាក់ដឹកនាំស្ត្រីទី១ ខណៈដែលបក្ខភាព លោក ចក់ ស៊ីណាត់ ទទួលបាន១៩សំឡេង ។
ក្នុងនាមជាប្រធានសមាគ ក្នុងអាណត្តិទី២ (អាណត្តិ២០១៩) ដែលជ្រើសរើស ដោយការចាត់តាំង លោក ឃាង ពុទ្ធី បានឲ្យដឹងថា ដើម្បីសម្រេចបានគោលបំណង របស់សមាគម ត្រូវទាមទារ នូវថ្នាក់ដឹកនាំ ដែលមានសមត្ថភាព ពេលវេលា ឆន្ទៈ តម្លាភាព និងមានទំនួលខុសត្រូវ ហេតុនេះហើយជារៀងរាល់ឆ្នាំ សមាគមតែងតែធ្វើការបោះឆ្នោត ប៉ុន្តែសម្រាប់អាណត្តិទី៣នេះ ទើបតែមានការបោះឆ្នោត ដោយទូលំទូលាយ និងជាសាធារណៈ ពោលជាលើកដំបូង ។
លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមានវត្តមានយ៉ាងសកម្ម របស់បងប្អូនទាំងអស់ នៅក្នុង ការសហការ លើទីតាំងផ្សេងៗកន្លងមក ក៏ដូចជាថ្ងៃនេះផ្ទាល់ ការចូលរួមបោះឆ្នោត ជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសមាគម នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ដើម្បីដឹកនាំសមាគម និងសង្គមជាតិយើង អោយកាន់តែមាន ការរីកចម្រើនបន្តទៅទៀត” ។
លោកឃាង ពុទ្ធី បានបង្ហាញ នូវក្តីជឿជាក់យ៉ាងម៉ុតមាំផងដែរថា ចំពោះការបោះឆ្នោតនៅថ្ងៃនេះ នឹងសម្រេចបាន នូវការជ្រើសរើសថ្នាក់ដឹកនាំ សមាគមអាណត្តិថ្មី ដែលមានសមត្ថភាព និងការរីកចម្រើន ដល់សមាគម សម្រាប់ឆ្នាំ២០២០ខាងមុខ ។
ក្នុងឱកាសនោះ អ្នកស្រី ចេវ សុឃុន បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ដែលបានចូលរួមមហាសន្និបាទ បោះឆ្នោតជ្រើសរើស ប្រធានសមាគម ក្នុងអាណត្តិ២០២០នេះ ។
អ្នកស្រីប្រធាន បានឲ្យដឹងថា “កន្លងទៅ នៅក្នុងឆ្នាំ២០១៩ យើងកត់សម្គាល់ឃើញថា នៅក្នុងវិស័យអចលនវត្ថុ នៅកម្ពុជាយើង មានការរីកចម្រើនគួរអោយកត់សម្គាល់ ដែលនការរីកចម្រើនទៅដល់ ១៨.១ភាគរយ នៅក្នុងឆ្នាំ២០១៩ ។ ហេតុដូច្នេះហើយ ធ្វើឲ្យសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា យកចិត្តទុកដាក់នៅលើវិស័យនេះ ធ្វើឲ្យសមាជិកយើង ក៏ដូចជាអ្នកដែលមានជំនាញ នៅក្នុងវិស័យអចលនវត្តុ មានការរីកចម្រើន ក៏ដូចជា អ្នកវិនិយោគទុនជាតិ និងអ្នកវិនិយោគអន្តរជាតិ ងាកមកបណ្តាលទុន វិនិយោគនៅកម្ពុជា” ។
អ្នកស្រី បន្ថែមទៀតថា “ទន្ទឹមនឹងការអភិវឌ្ឍន៍ ក៏ដូចជាការរីកចម្រើន នៅក្នុងវិស័យអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ទើបធ្វើអោយសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា ផ្តោតសំខាន់ ទៅលើការអភិវឌ្ឍន៍ ក៏ដូចជាបណ្តុះបណ្តាល ធនធានមនុស្ស ដែលធ្វើអោយអ្នក នៅក្នុងវិស័យនេះ គាត់ងាកមក ចាប់យកវិស័យអចលនវត្ថុ ហើយគាត់សម្លឹងមើលឃើញថា តើគាត់គួរតែចូល នៅក្នុងសមាគមយើង (CREA) ឬមួយគាត់ត្រូវគិតដោយខ្លួនឯងថា ត្រូវធ្វើយ៉ាងណា អោយក្លាយទៅជាអ្នកជំនាញ និងទទួលបានការទុកចិត្តពីសំណាក់ អ្នកវិនិយោគទុន ដើម្បីទទួលការបណ្តាកទុន ។ ដូច្នេះហើយ សមាគមយើង (CREA) មានការរីកចម្រើនទៅមុខ ដែលធ្វើអោយយើង ចាប់ផ្តើមធ្វើការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំ ក៏ដូចជាធ្វើអោយសមាគម រីកចម្រើនទៅមុខ ឥតឈប់ឈរ កាន់តែខ្លាំងឡើង ទើបថ្ងៃនេះត្រូវបានជ្រើសរើស ក្នុងការបោះឆ្នោត យកថ្នាក់ដឹកនាំ ក៏ដូចជាអ្នកបន្តអាណត្តិ២០២០”៕