ព័ត៌មានជាតិ

ឧទ្ធរណ៍តម្កល់ សំណុំរឿងលោក កឹម សុខា និងឲ្យសាលាដំបូង រាជធានីភ្នំពេញ បន្តនីតិវិធី

ភ្នំពេញ ៖ បើតាមលោក មេធាវីផែង ហេង ជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤រូប របស់លោក កឹម សុខា សាលាឧទ្ធរណ៍ បានសម្រេចតម្កល់ដីការ សម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ និងឲ្យបន្តនីតិវិធីក្បត់ជាតិ លើសំណុំរឿង លោក កឹម សុខា ដដែល ។

លោក ផែង ហេង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក្រោយបញ្ចប់ការចូលការពារ សិទ្ធិលោក កឹម សុខា នៅមុខសភាស៊ើបសួរ សាលាឧទ្ធរណ៍ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ថា សាលាឧទ្ធរណ៍ បានសម្រេចឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីលើលោក កឹម សុខា ដោយជំទាស់លើបណ្តឹង របស់ក្រុមមេធាវី ដែលបានប្តឹងទាស់ទៅនឹងការបញ្ជូន សំណុំរឿងលោក កឹម សុខាទៅជំនុំជម្រះ ។

ចំពោះសំណួរថា តើក្រុមមេធាវីនឹងធ្វើបន្តទៀត ចំពោះការសម្រេចរបស់ឧទ្ធរណ៍នេះ លោកមេធាវីបញ្ជាក់ថា “យើងចាំពិភាក្សាជាមួយ កូនក្តីបន្តទៀត តើនឹងត្រូវធ្វើយ៉ាងណា”។

សូមបញ្ជាក់ថា កាលពីថ្ងៃ៣ ធ្នូ លោកមេធាវី ចាន់ ចេន, មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង និងមេធាវី ជា ច័ន្ឋស័ក្តិ ជាអ្នក ការពារសិទ្ធិឲ្យលោកកឹម សុខា បានប្តឹងឧទ្ធរណ៍ នឹងដីកាបញ្ជូនទៅជំនុំជម្រះចុះថ្ងៃ២ ធ្នូ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

To Top