ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខារួម លើអនុស្សារណៈ យោគយល់គ្នា ស្តីពី គម្រោង “តម្លើងប្រព័ន្ធពិនិត្យ សង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា សម្រាប់បម្រើ ឲ្យការព្យាករ និងប្រកាសព័ត៌មានជាមុន ពីគ្រោះធម្មជាតិនៅកម្ពុជា” ដើម្បីទទួលបានទិន្នន័យព័ត៌មាន កាន់តែទូលំទូលាយ គ្រប់គ្រាន់សម្រាប់ ធ្វើការព្យាករ ស្រាវជ្រាវ ធាតុអាកាសនិងប្រើប្រាស់ លើវិស័យដទៃៗទៀត។
ការចុះហត្ថលេខារួមនេះ ធ្វើឡើងនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដែលជាជំនួយឥតសំណង ផ្តល់ដោយរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ ។ ក្នុងជំនួយឥតសំណង ដែលរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ ផ្តល់មកឲ្យក្រសួងធនធានទឹក និងឧតុនិយម នាពេលនេះ មានដូចខាងក្រោម៖
១- តម្លើងស្ថានីយឧតុនិយម ស្វ័យប្រត្តិចំនួន ២៧ កន្លែង នៅបណ្តាខេត្តដែលពុំទាន់មានស្ថានីយឧតុនិយមគ្រប់គ្រាន់ ក្នុងការពិនិត្យសង្កេត តាមដានធាតុអាកាស ដើម្បីទទួលបានទិន្នន័យព័ត៌មាន កាន់តែទូលំទូលាយ គ្រប់គ្រាន់សម្រាប់ធ្វើការព្យាករ ស្រាវជ្រាវ ធាតុអាកាសនិងប្រើប្រាស់ លើវិស័យដទៃៗទៀត ។
២- បំពាក់គ្រឿងបរិក្ខារឧតុនិយមមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់ ការព្យាករធាតុអាកាស និងប្រព័ន្ធប្រកាសជូនដំណឹងជាមុន ស្តីពីគ្រោះថ្នាក់ធម្មជាតិ ដែលកើតនៅកម្ពុជា ។ ធ្វើការបញ្ជូនអ្នកបច្ចេកទេស របស់កូរ៉េ មកជួយបណ្តុះបណ្តាលនៅក្នុងប្រទេស និងធ្វើការបណ្តុះបណ្តាល បន្ថែមនៅប្រទេសកូរ៉េ ដើម្បីពង្រឹង សមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជា ក្នុងការព្យាករធាតុអាកាសឲ្យ បានកាន់តែសុក្រិត ។
៣- បន្ថែមពីនេះរដ្ឋបាលឧតុនិយមកូរ៉េ និងវិទ្យាស្ថានឧតុនិយមកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នឹងបន្តជជែកគ្នាពីលទ្ធភាពផ្តល់នូវគម្រោង ជំនួយឥតសំណងថ្មីៗបន្ថែមទៀត លើការទទួលបាននូវព័ត៌មានឧតុនិយម ពីផ្កាយរណបឧតុនិយមថ្មី GK-2A របស់សាធារណៈរដ្ឋកូរ៉េ ក្នុងការប្រើប្រាស់ វិភាគ និងតាមដានស្ថានភាព ធាតុនៅកម្ពុជា ។
៤- ភាគីទាំងពីរ ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕