ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្ត ឲ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហម បន្តការងារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះ

កំពង់ចាម៖ នៅក្នុងទិវាអបអរអន្តរជាតិ អ្នកស្ម័គ្រចិត្ត ដែលបានប្រារព្ធធ្វើនៅ ស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅថ្ងៃ៩ ខែធ្នូ ឆ្នាំ ២០១៩នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណនិងលើកទឹកចិត្ត ដល់អ្នកស្ម័គ្រចិត្តបំរើការងារ នៃសាខាកាក បាទក្រហមខេត្តកំពង់ចាមទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ ដើម្បីបម្រើជាប្រយោជន៍ ដល់បងប្អូនប្រជាពល រដ្ឋដែលរងគ្រោះ ។

លោកអភិបាលខេត្តបានថ្លែងថា ភាពកក់ក្តៅ ពីវត្តមានសម្រាប់តំណាង អ្នកស្ម័គ្រចិត្តទាំង ១០ ក្រុង ស្រុក ដែលមានវត្តមាន ៩៨ នាក់ បានចែករំលែក បង្ហាញនូវសក្ខីកម្ម នៃការខិតខំប្រឹងប្រែង ដើម្បីកិត្តិនាម និងកិត្តិសព្ទរបស់សមាគមជាតិ កាកបាទក្រ ហមកម្ពុជា ក៏ដូចជាបានចូលរួមចំណែកកាត់បន្ថយទុក្ខលំបាកវេទនា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលទន្ទឹងរង់ចាំឲ្យជួយជារៀង រាល់ថ្ងៃ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា រយៈពេល ១ ឆ្នាំ កន្លងមកនេះ គណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានខិតខំយកចិត្តទុកដាក់អនុវត្តលើវិស័យស្នូលទាំង ៤ របស់កាក បាទក្រហមកម្ពុជារួមទាំងការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរមក លើលំនៅដ្ឋាន និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមបណ្តាស្រុកមួយចំនួន ។

ប៉ុន្តែដោយការរួបរួមគ្នា យើងបានប្រមូលកម្លាំងមនុស្សធម៌ ជួយប្រជាពលរដ្ឋ រង គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ជាក់ស្តែងសាខា ខេត្តបានផ្ដល ក្ដឿងសង្គ្រោះបន្ទាន់ដល់ គ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ ច្រាំងបាក់គ្រសារចាស់ជរា ជនពិការជួបការលំបាក ស្រ្តីមេម៉ាយកូនច្រើន គ្រួសារជនពិការ អ្នកជំងឺអេដស៍ គ្រួសារកងទ័ព គ្រួសារជនពលី ចូលបុណ្យសព និងគ្រួសារមានជំងឺធ្ងន់ ធ្ងរ…។ ល ។

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានដឹកនាំ កាកបាទក្រហមកម្ពុជា ប្រកបដោយកិត្តិបណ្ឌិត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សុខុមាភាព និង ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈតម្លៃមនុស្សធម៌ បានកាន់តែប្រសើរឡើង ជាបន្តបន្ទាប់នេះផងដែរ ៕

To Top