ព័ត៌មានជាតិ

២០១៩ ជាឆ្នាំនៃនវានុវត្តន៍ និង ផលិតភាពការងារ

ភ្នំពេញ ៖ ២០១៩ គឺជាឆ្នាំ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ខណៈពេលដែលគ្រឹះស្ថាន បានដាក់ឲ្យមានផលិតផលប្រាក់កម្ចី សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំទឹកប្រាក់ រហូតដល់១០ម៉ឺនដុល្លារ។ ទន្ទឹមនេះដែរ គ្រឹះស្ថាន ក៏បានដាក់ឲ្យមានសេវាបង់រំលស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ គ្រឹះស្ថានបាន និងកំពុងតែដាក់ឲ្យប្រើប្រាស់ សាកល្បងសេវាធនាគារចល័ត (Mobile Banking)។ នេះបើតាមសម្តីរបស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ ឆ្នាំនៃនវានុវត្តន៍ និងផលិតភាពការងារ” ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។

លោក គា បូរាណ បានលើកឡើងដូចនេះថា “នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទាន ជូនអតិថិជនមានការកើនឡើង ប្រមាណជា១០% និងផលបត្រឥណទាន មានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើង ពីអតិថិជនរបស់ខ្លួន។ លោកប្រធាននាយកប្រតិបត្តិ បានបន្តទៀតថា “កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ។” លោកបានបន្ថែមទៀតថា “ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាននិងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេស សេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។”

ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបាន លើកទឹកចិត្តបុគ្គលិកទំាងអស់ ឲ្យបន្តការខិតខំប្រឹងប្រែង សម្រាប់ឆ្នាំបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗ ដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេច គោលដៅការងាររបស់ខ្លួន ក្នុងឆ្នាំកន្លងទៅផងដែរ។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ លើវិសាលភាព ប្រតិ បត្តិការ និងចំនួនអតិថិជន ប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕

To Top