ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា សាទរខួបលើកទី៧១ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ (វីដេអូ)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងការអបអរសាទរ ខួបលើកទី៧១ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ១៩៤៨-១០ធ្នូ ២០១៩ ។

សម្ដេចបានមានប្រសាសន៍ថា “បើនិយាយពីរឿងសិទ្ធិមនុស្ស នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារជាដើម..” ។

សម្ដេចបញ្ជាក់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំ ពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាល ឲ្យប្រជាពលរដ្ឋជាង៣លាននាក់ បានស្លាប់ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

សម្ដេចថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូច-ធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោត ជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ។ សិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនជឿនលឿនទៅមុខ៕ ដោយ៖ធី លីថូ

To Top