នយោបាយ

លោក គង់ គាំ ទម្លាយថា សម រង្ស៊ី-កឹម សុខា មិនជឿជាក់គ្នា តាំងពីរួបរួមគ្នាបង្កើតបក្ស

ភ្នំពេញ ៖ ធ្លាប់ជាមនុស្សជំនិត របស់លោក សម រង្ស៊ី រាប់ឆ្នាំមកហើយ លោកគង់ គាំ នៅតែបន្តវាយប្រហារ លើលោកសម រង្ស៊ី តាំងពីការរំលាយគណបក្សសង្រ្គោះជាតិ រហូតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកបន្តវាយប្រហារទៀត ដោយលើកនេះទម្លាយថា ទាំងលោកសម រង្ស៊ី និងលោកកឹម សុខា មិនជឿជាក់គ្នាតាំងពីថ្ងៃរួមគ្នា បង្កើតបក្សសង្រ្គោះជាតិមកម្ល៉េះ ។

លោកគង់ គាំ បានលើកបង្ហាញក្នុងហ្វេសប៊ុកថា “អតីតអ្នកនយោបាយ (CNRP) រំលាយដោយតុលាការកម្ពុជា ទាំងមុន ទាំងក្នុងពេលចូលរួមគ្នា (សម រង្ស៊ី កឹម សុខា តែមួយ) គ្មានភាពរលូន និងជឿជាក់រវាងគ្នាសោះនោះ មកដល់ក្រោយពេលរំលាយ គេបានឃើញកាន់តែជាក់ស្តែង នូវការបែកបាក់គ្នា ទាំងរវាងថ្នាក់ដឹកនាំ ទាំងរវាងសកម្មជន និងទាំងរវាងអ្នកគាំទ្រ ។ ពេលនេះ លេចធ្លោបំផុតគឺខាងកឹម សុខា មានកញ្ញា កឹម មនោវិទ្យា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ផង ជាកូនស្រីបង្កើតផង ឈរម្ខាង ជាមួយម្ខាងទៀតមានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាចៅសង្កាត់ស្រីវ័យក្មេង ដ៏មានឈ្មោះបោះសំឡេងម្នាក់ ជាអ្នកគោរពជឿជាក់ចំពោះ សម រង្ស៊ី បំផុត សុទ្ធតែបានចេញមកជាតំណាង នៃទស្សនៈរបស់ក្រុមកឹម សុខា និងក្រុមសម រង្ស៊ី ដែលមជ្ឈដ្ឋានទូទៅ នៅតែស្រពិចស្រពិល អំពីមន្តអាគម (សម រង្ស៊ី កឹមសុខា) ជាមនុស្សតែមួយ តើធាតុពិតវាយ៉ាងណា?” ។

លោកថា ទស្សនៈផ្ទុយគ្នាគឺក្រុមសម រង្ស៊ី ដែលប្រើ “យុទ្ធសាស្ត្រ ៩វិច្ឆិកា២០១៩” ដោយគ្រោងដឹកនាំផែនការរដ្ឋប្រហារ ផ្តួលរំលំនាយករដ្ឋមន្ត្រីកម្ពុជា បាននាំទុក្ខទោសចំពោះសកម្មជន ធ្វើឲ្យអតីត CNRP បែកបាក់ ហើយប្រើកម្លាំងប្រជាពលរដ្ឋ កម្លាំងទ័ពងើបបះបោរជារបាំង ជាឈ្នាន់ និងជម្រុញអន្តរជាតិ វាយរាជរដ្ឋាភិបាលកម្ពុជាឲ្យទ្រោមនោះ ដើម្បីក្រុមខ្លួនអាចដណ្តើមអំណាចក្រៅ បែបផែនប្រជាធិបតេយ្យ គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំពោះប្រទេសជាតិ និងចំពោះប្រជាពលរដ្ឋទូទៅ។

អតីតអ្នកនយោបាយជើងចាស់ មកពីអតីតបក្សប្រឆាំង បានទស្សន៍ទាយថា ដូចនេះ នៅឆ្នាំ២០២០ លោក កឹម សុខា នឹងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ហើយផ្តួចផ្តើមការផ្សះផ្សាជាតិដ៏ទូលំទូលាយមួយ ផ្ទុយពីក្រុមលោកសម រង្ស៊ី។ ចំណែកក្រុមលោកសម រង្ស៊ី បានការពារជំហរលោកកឹម សុខា គ្មានទោស តម្រូវឲ្យទម្លាក់ចោលការចោទ ប្រកាន់លើអតីតអ្នកនយោបាយ CNRP ទាំងអស់ និងថាសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ (បើរួបរួម រស់ បើបែកបាក់ ស្លាប់)។

ធ្លាប់ជាអ្នកដឹកនាំ គណបក្សនយោបាយ ជាមួយលោកសម រង្ស៊ី ១៧ឆ្នាំ(ឆ្នាំ១៩៩៥-ឆ្នាំ២០១២) និងធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ៥ឆ្នាំ (ឆ្នាំ២០១២-ឆ្នាំ២០១៧) លោក គង់ គាំ ទទួលស្គាល់ថា “រវាងមេដឹកនាំទាំងពីរ សម រង្ស៊ី និងកឹម សុខា គឺបង្ខំចិត្តរួបរួមគ្នា (ទាំងគ្មានភាពជឿជាក់គ្នា) ដោយមានអ្នកយុទ្ធសាស្ត្របរទេសជួយផ្សំផ្គុំ និងដោយសម្រប តាមស្ថានភាពទឹកចិត្ត របស់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ឲ្យមានការផ្លាស់ប្តូរ ឬឲ្យមានជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈការបោះឆ្នោត”៕

To Top