ព័ត៌មានជាតិ

តុលាការខេត្តកណ្តាល ដោះលែងជនសង្ស័យ៣នាក់ ព្រួតវាយបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ

កណ្តាល៖ លោកស្រី ឈួន សុធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១១ ខែធ្នូ បានដោះលែង ជនសង្ស័យ៣នាក់ អោយមានសេរីភាពឡើងវិញ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស លើបុរសម្នាក់ ។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា ថ្លែងថា មូលហេតុនៃការដោះលែង នេះ គឺ ដោយសារជនរងគ្រោះ វាយគេដល់ផ្ទះទៅវិញទៅមក និង ជនរងគ្រោះព្រមដកពាក្យបណ្តឹង មិនចង់មានរឿងវែងឆ្ងាយ ។

ករណីហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០៖៤៥ នាទី នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហ៊ុ សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យទី១ ឈ្មោះ ខន ថុនា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរចុងភៅ ទី២ ឈ្មោះ ស្រី ម៉ាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរសំណង់និង ទី៣ ឈ្មោះ ស្រី ភារុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ដោយជនសង្ស័យទាំង ៣នាក់មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ ព្រុំ សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ជនរងគ្រោះ ហ៊ុ សុភា បានឃើញផ្ទះជនសង្ស័យឈ្មោះ ស្រី ម៉ាច ផឹកស៊ីបើកឧបករណ៍បំពងសំលេង (Speaker)ឮខ្លាំងរំខានគេឯង ក៏ជនរងគ្រោះបានស្រែកជេរប្រមាថទៅ ជនសង្ស័យឈ្មោះ ស្រី ម៉ាច ពេលនោះទាំង ជនរងគ្រោះ និងជនសង្ស័យ មានការជេរប្រមាថគ្នាទៅវិញទៅមក រហូតដល់មានការវាយប្រតាយប្រតប់គ្នា ។

ដោយឃើញដូច្នេះឈ្មោះ ខន ថុនា ដែលជាកូនប្រសាររបស់ឈ្មោះ ស្រី ម៉ាច បានរត់ចេញពីក្នុងផ្ទះ ទាញយកឈើមូលមកវាយលើជនរងគ្រោះ ចំនួន បីដំបង ហើយស្រី ភារុណ និងឈ្មោះ ស្រី ម៉ាច បាននាំគ្នាព្រួតវាយជនរងគ្រោះឈ្មោះ ហ៊ុ សុភា បណ្តាលអោយរងរបួសបែកក្បាល ដាច់សាច់ខ្នងជាច្រើនកន្លែង ៕

To Top