ព័ត៌មានជាតិ

បន្ទាប់ចោទប្រកាន់ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន នៅហ្គារ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង

ភ្នំពេញ ៖ ក្រោយពីមានការចោទប្រកាន់ ពីសាធារណៈមតិនានា ជុំវិញសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចហ្គារ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានវត្ថុតាំងច្បាស់លាស់ ពាក់ព័ន្ធគ្រឿងនោះ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបកស្រាយករណីនេះហើយ។

បើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ដោយមានការដឹកនាំសម្របសម្រួល ពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យប្រឆាំង ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហ្គា រ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង សារធាតុញៀនមួយចំនួន។

មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ប្រភេទទឹកកក កាលពីខែសីហា ឆ្នាំ២០១៩ គឺខ្លួនទិញពីជនមិនស្គាល់ឈ្មោះ នៅឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួចយកទៅប្រើប្រាស់ក្នុងចំការអំពៅ។ ក្រោយមកខ្លួនបានមកនៅភ្នំពេញ ធ្វើជាកម្មកររោងចក្រឈ្មោះសាន់ចូវ សង្កាត់ស្ទឹងមានជ័យ ហើយបានស្គាល់ឈ្មោះ ប៊ុន ធឿន ភេទប្រុស។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានម៉ូយបានទូរស័ព្ទទៅឈ្មោះ ប៊ុន ធឿន កម្មង់ទិញថ្នាំញៀន ពេលនោះគាត់បានឲ្យខ្លួន ដឹកទៅកន្លែងណាត់ជួប ដើម្បីយកថ្នាំញៀនទៅឲ្យម៉ូយ ហើយពេលទៅដល់ កំពុងតែដោះដូរ ក៏ត្រូវសមត្ថកិច្ចឃាត់ពួកខ្លួន ប៉ុន្តែពេលនោះ ពួកខ្លួនបានតដៃជាមួយសមត្ថកិច្ចវិញ ដើម្បីរំដោះខ្លួន ហើយឆ្លៀតឱកាសនោះឈ្មោះ ប៊ុន ធឿន បានបោះចោលថ្នាំញៀនមួយកញ្ចប់ចោល រួចហើយជិះម៉ូតូគេចបាត់តែម្ដង ចំណែកខ្លួន ក៏ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ចំនួនមួយកញ្ចប់តូចនៅជាប់នឹងខ្លួន រួចនាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀនតែម្ដង។

វត្ថុតាងចាប់យក ៖ ១- សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបទម្ងន់២១,៦២ (ម្ភៃមួយក្បៀស ហុកសិបពីរក្រាម) របស់ជនសង្ស័យឈ្មោះ ភិន សុខា និង ឈ្មោះ ប៊ុន ធឿន (រត់គេចខ្លួន) ។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត សកម្មភាព និងចម្លើយសារភាពរបស់ជនសង័្សយ រួមជាមួយវត្ថុតាងចាប់យកបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សន្និដ្ឋានបានថា ៖១- ឈ្មោះ ភិន សុខា ភេទប្រុស គឺពិតជាបានប្រព្រឹត្ត សកម្មភាពជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ពិតប្រាកដមែន។
២- ឈ្មោះ ប៊ុន ធឿន ភេទប្រុស (រត់គេចខ្លួន) អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៦៥ ម៉ែត្រ មុខស្រួច ភ្នែករាងតូច ទីលំនៅមិនពិតប្រាកដ នៅក្នុងរាជធានីភ្នំពេញ គឺបក្ខពួក និងជាអ្នកលក់សារធាតុញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះករណីនេះ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើង ដោយផ្អែកទៅតាមជំនាញស៊ើបអង្កេត នៅពេលឃើញមុខសញ្ញា ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបបង្ក្រាប ស្របតាមនីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដូច្នេះសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំ ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច។

ជាមួយគ្នានេះ ក៏សំណូមពរសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការជាមួយ កម្លាំងមានសមត្ថកិច្ចជំនាញបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ទាំងអស់គ្នានៅពេលឃើញសមត្ថកិច្ច កំពុងបង្ក្រាបបទល្មើស ស្នើសុំពុំទាន់ផ្សាយព័ត៏មាន ទុកឲ្យសមត្ថកិច្ចបន្តការស៊ើបអង្កេត ដើម្បីឈានទៅចាប់មេខ្លោង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ពីព្រោះគ្រប់ទាំងអស់ នៃបទល្មើសគ្រឿងញៀន គឺមានរចនាសម្ព័ន្ធ។ ជាពិសេសសូមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕

To Top