ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-និងអធិការកិច្ច បានថ្លែងថា មិនត្រូវឲ្យអ្នកដទៃ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើង ជាអ្នកបង្ករនោះទេ ដូច្នេះយើងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។
ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងពិធីប្រគល់មួកសុវត្តិភាព ចំនួន ៥០០មួក ដែលបានការឧបត្ថម្ភ ពីលោក លឹម ហេង ជូនដល់សាខាកាកបាទក្រហម កម្ពុជា ខេត្តស្វាយរៀង សម្រាប់ធ្វើការងារ មនុស្សធម៌បន្តទៀត នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។
លោកស្រី បានថ្លែងបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជា ស្វាយរៀង ត្រូវធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោគ ជូនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគាត់យល់ដឹង ឲ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងការប្រើប្រាស់មួក សុវត្ថិភាព។ ជាការពិតណាស់ រាជរដ្ឋាភិបាលពិត ជាបានគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេស ការពាក់មួកសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅ កាត់បន្ថយ បង្ការការស្លាប់ និងការរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកស្រី ម៉ែន សំអន បានថ្លែងអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមបើកបរដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះអធ្យាស្រ័យគ្នា ក្នុងពេលបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំអស់គ្នា ដោយត្រូវពាក់ មួក សុវត្ថិភាពជាដាច់ខាត និងមិនត្រូវឲ្យអ្នកដទៃ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើងជាអ្នកបង្កនោះទេ (ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយ អាយុជីវិតយើងបានម្នាក់)។
លោកស្រី ក៏បានថ្លែងអំណរគុណដល់ លោក លឹម ហេង ដែលជានិច្ចកាល តែងតែជួយដល់ការងារ មនុស្សធម៌ជាច្រើន តាមរយៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសូមបន្តប្រពៃណី នៃការចែករំលែកក្តីអាណិត និងក្តីស្រឡាញ់ បន្ថែមទៀត ដើម្បីចូលរួម ក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀង៕