ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈ ងាយស្រួល និងជម្រុញវិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការថ្លែង របស់លោកស្រីម៉ែន សំអន បែបនេះ នៅក្នុងឱកាសសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួម ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយក ក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវឡៃធីងព្រមទាំងមន្ត្រីរាជការ កម្មករកម្មការិនី ជាច្រើននាក់ផងដែរ។
លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ដល់បងប្អូនកម្មករ កម្មការិនី និងមន្ត្រីរាជការ កងកម្លាំងអ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកសុី នៅខេត្តស្វាយរៀង ផងដែរ។
លោកស្រីម៉ែន សំអន បានបន្តថាក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើង លើផ្ទៃដីដល់ទៅ ១១.៥ ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់ នៅក្រៅប្រទេស។ នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀងយើង ដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយ ជាមួយនឹងទុនវិនិយោគជាច្រើន គម្រោងនេះពិតជាផ្តល់ការងារ ដល់ពលករក្នុងស្រុក ផ្តល់ចំណូលជាពន្ធដារនានា រួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តស្វាយរៀង ឱ្យកាន់តែជឿនលឿន ថែមទៀត។នេះក៏ការឆ្លុះបញ្ចាំង នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា ដែលមាន សុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
លោកស្រីបានបន្តថា ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើន សេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ដែលនាំឲ្យចំណូល របស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាព កាន់តែធូធារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មក៏កំពុងរីកចំរើន យ៉ាងខ្លាំង ដោយសារយើងមាន គោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹកដែលត្រូវបានស្ដារឡើងវិញ ឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នា នៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល។
ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជា ដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងទីតាំងយុទ្ធសាស្រ្តដ៏ល្អ។
លោកស្រីម៉ែន សំអនបានស្នើ ដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវា ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះយូរអង្វែង។ ហើយការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល គឺត្រូវអភិវឌ្ឍជាអន្តរវិស័យ រួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឲ្យបាន នូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល។
លោកស្រីបានផ្តាំផ្ញើ ដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួល ដល់អ្នកវនិយោគគិន គ្រប់បែបយ៉ាង ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀងស្របតាមអានុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នក វិនិយោគថ្មី៕