ភ្នំពេញ៖ ក្នុងពិធីពិធីសំណេះសំណាលជាមួយនិសិ្សតខ្មែរដែលសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានផ្តាំផ្ញើពួកគេថា ត្រូវបង្ហាញអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោក ដើម្បីឲ្យស្គាល់ពីកម្ពុជា កាន់តែច្បាស់ឡើងបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា “នៅលើទឹកដីបរទេស បងប្អូន គឺជាតំណាងប្រទេសយើង តំណាងជាតិយើង ដូច្នេះវាជាការចាំបាច់ផងដែរ ដែលយើងត្រូវ ខិតខំធ្វើសកម្មភាព វប្បធម៌ផ្សេងៗ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ របស់យើង ទៅកាន់ឲ្យពិភពលោក បានស្គាល់ ហើយត្រូវបន្តខិតខំរៀនសូត្រ ឲ្យក្លាយខ្លួនជាធនធានមនុស្ស និង រួបរួមសាមគ្គីជួយគ្នា កសាងប្រទេសជាតិយើង សម្រាប់កូនចៅ យើងតទៅមុខទៀត”។
លោកឲ្យដឹងទៀតថា ការទៅសិក្សានៅបរទេស ឆ្ងាយពីផ្ទះ ពីគ្រួសារ រមែងមានបញ្ហាប្រឈមច្រើន ប៉ុន្តែសំខាន់ ត្រូវតស៊ូជម្នះ ឲ្យដល់គោលដៅ នោះគឺការស្រូបយកចំណេះដឹង ដើម្បីបង្កើនសមត្ថភាព បង្កើនសក្តានុពល និងបង្កើនភាព ជោគជ័យរបស់ខ្លួនផ្ទាល់ របស់គ្រួសារ និងរបស់ ប្រទេសជាតិ ។
ទន្ទឹងនឹងនេះដែរ លោកថា ឆ្លងតាមការបំពេញ ទស្សនកិច្ចការងារ នៅក្នុងប្រទេសជាច្រើន លោកពិតជាមានមោទនភាព ជាមួយនិស្សិតខ្មែរ ទាំងនិស្សិតយោធា និងស៊ីវិល ដែលភាគច្រើន ទទួលបានការកោតសរសើរ ពីគ្រូៗ បរទេស។
លោក ហ៊ុន ម៉ាណែត បន្ថែមថា នេះគឺជាមោទនភាព របស់បុគ្គលនិស្សិតផ្ទាល់ ក៏ដូចជាមោទនភាព របស់ជាតិទាំងមូល ដោយពួកគេ គឺជាគ្រាប់ពេជ្រ របស់កម្ពុជា ធ្វើឲ្យគេចាប់ផ្តើម ស្គាល់កម្ពុជា ក្នុងទស្សនៈថ្មី ដែលមានធនធានមនុស្ស ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់៕