ភ្នំពេញ៖ សម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ នៃការតាំងពិព័រណ៍សៀវភៅ លើកទី៨ មានប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង ជាពិសេសយុវវ័យ បានចូលរួមទស្សនា និងការទញសៀវភៅ យ៉ាងច្រើនកុះកុញ ពោលច្រើនជាងរាល់ បណ្តាឆ្នាំមុនៗ។
បើតាមក្រុមយុវជន សម្រាប់ឆ្នាំនេះ គឺពួកគេបានទិញសៀវភៅ ចំណេះដឹងទូទៅផ្សេងៗ ដូចជារឿងនិទាន និងប្រលោមលោក ប្រវត្តិសាស្រ្តខ្មែរ ដោយក្នុងម្នាក់ៗ ចំណាយថវិកា ប្រហែលជា៣ទៅ៤ម៉ឺន សម្រាប់អានបង្កើនចំណេះដឹង។
ពួកគេបន្តថា ឆ្នាំនេះប្លែកជាងរាល់ឆ្នាំ ដោយមានសៀវភៅ ដាក់លក់ថ្មីៗ ជាច្រើនម៉ឺនក្បាល ដែលធ្វើឲ្យពួកគេ សប្បាយចិត្តក្នុងការទិញអាន។
សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ អ្នករៀបចំកម្មវិធីរំពឹងថា មានអ្នកចូលរួមទស្សនា ប្រមាណជា១០ម៉ឺននាក់។ ពិព័រណ៍ សៀវភៅថ្នាក់ជាតិ លើកទី៨ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ធ្នូ នៅបណ្ណាល័យជាតិ ក្នុងទីក្រុងភ្នំពេញ ។
អ្នកបោះពុម្ពផ្សាយសៀវភៅ និងអ្នកនិពន្ធរាប់រយនាក់ បាន នាំយកសៀវភៅ រាប់ពាន់ចំណងជើង ទៅតាំងបង្ហាញនិង ដាក់លក់ផងដែរ។
នៅថ្ងៃបើកសម្ពោធ ថ្ងៃ១៣ ធ្នូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ។
លោកក៏បានអំពាវនាវ ទៅដល់យុវជនកម្ពុជា ចូលរួមអានសៀវភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រទីបបំភ្លឺផ្លូវ នាពេលខាងមុខ ។
ចំណែក លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយល់ឃើញដែរថា ការអានសៀវភៅច្រើនកាលណា គឺល្អបំផុត ដូច្នេះ ការអានសៀវភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីកម្សាន្ដ ៕