ភ្នំពេញ៖ ដោយសង្កេតឃើញថា នៅមានការខ្វះចន្លោះប្រហោង និងខ្វះការទទួលខុសត្រូវ ពីសំណាក់ គ្រូពេទ្យឯកជនមួយចំនួន ក្នុងការទទួលព្យាបាលអ្នកជំងឺ និងសកម្មភាព អសីលធម៌ពីសំណាក់ពេទ្យរដ្ឋ នាពេលកន្លងមក សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យគ្រូពេទ្យទាំងពីរភាគី ត្រូវទទួលខុសត្រូវក្នុងការព្យាបាលអ្នកជំងឺ និងគ្រប់គ្រូពេទ្យរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជាមួយសីលធម៌ ឲ្យបានខ្ជាប់ខ្ជួន។
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ បានមានប្រសាសន៍ថា ” និយាយឲ្យចំ! មន្ទីរពេទ្យឯកជន ដណ្ដើមអ្នកជំងឺយកទៅមើល ដល់ទេសង្គ្រោះលែងបានថា បញ្ចូនទៅមន្ទីរពេទ្យរដ្ឋបានរស់ ទៅដល់មន្ទីរពេទ្យរដ្ឋស្លាប់ ជេរបណ្ដោយហើយធ្ងន់ធ្ងរជាងគេ មន្ទីរពេទ្យកាល់ម៉ែតតែម្ដង”។
សម្ដេចបញ្ជាក់ថា “ អាហ្នឹងក៏ត្រូវពិនិត្យ ធ្វើការជាមួយ គ្រូពេទ្យឯកជន បើអ្នកឯកចាប់ផ្ដើមត្រូវឲ្យ មានការទទួល ខុសត្រូវពីដើមដល់រហូតដល់ចប់ បើអ្នកឯកទទួលមិនបានទេ ត្រូវបញ្ជូនទៅមន្ទីពេទ្យរដ្ឋ កុំឲ្យទាល់តែជិតដាច់ដង្ហើម ហើយទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ វាចេះអីក៏ចេះ អានេះចេះទាក់ទងនឹងជីវិត របស់មនុស្សទៅទៀត “។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវ ដល់មន្រ្តីសុខាភិបាលទាំងអស់ នៅតាមមណ្ឌលនិងមន្ទីរពេទ្យនានា ត្រូវទទូលស្គាល់ដែលជាការត្អូញត្អែរ របស់ប្រជាពលរដ្ឋ ជុំវិញក្រមសីលធម៌និងវិជ្ជាជីវៈ របស់គ្រូពេទ្យ ជាមួយនឹងការយកចិត្តទុក ដាក់ព្យាបាលអ្នកជំងឺ ជាមុខសិន កុំគិតលុយជាធំ។
សម្ដេចបានលើកឡើងថា “ជីវិតមនុស្សមិនថាជាអ្នកមាន ឬជាអ្នកក្រ គឺជាជីវិតមួយដូចគ្នា ហើយអ្នកក្រយើង ត្រូវបង្កើតការយកចិត្តទុក ដាក់បន្ថែមទៀត ព្រោះគាត់ក្រ ហើយទើបគាត់មករកយើង”។
សម្ដេចបញ្ជាក់ថា” ទោះបីជាគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬគ្រូពេទ្យក្នុងវិស័យឯកជន កុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនធ្វើជាធំ រឿងលុយរឿងកាក់ទុកក្រោយ ធ្វើម៉េចដោះស្រាយបញ្ហា ព្យាបាលឲ្យគាត់សិន”។
ពាក់ព័ន្ធជាមួយក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ សម្ដេចក៏លើកឡើងផងដែរថា សីលធម៌របស់គ្រូពេទ្យ គឺជាឱសថមួយមុខ សម្រាប់ការលើកទឹកចិត្ត របស់អ្នកជំងឺ ផងដែរ។
សម្ដេចបន្តថា ទោះបីជាមិនទាន់ បានព្យាបាលអ្វីឲ្យគាត់ ប៉ុន្តែទទួលបាននូវការរាក់ទាក់ និងចាត់ទុកជាការលើកទឹកចិត្តមួយ មិនសម្រាប់តែអ្នកជំងឺនោះទេ គឺសម្រាប់បងប្អូនអ្នកជំងឺដទៃទៀតផងដែរ។
សម្ដេចបញ្ជាក់ថា “អ្វីដែរខ្ញុំចង់បាន គឺសីលធម៌របស់គ្រូពេទ្យ ឲ្យក្លាយទៅជាសីលធម៌ ដែលប្រជាជនយើងទទួលនូវការ ស្រឡាញ់ ការពេញចិត្ត ការរាប់អាន ទោះបីជាជំងឺនេះព្យាបាលមិនជា ក៏បង្ហាញឲ្យគាត់ថា គាត់អស់ចិត្តហើយ ដោយសារគ្រូពេទ្យយកចិត្តទុកដាក់”។
ដោយឡែកពាក់ព័ន្ធជាមួយ នឹងការព្រួយបារម្មណ៍ របស់ប្រជាពលរដ្ឋ ក្នុងការចេញទៅ ព្យាបាលនៅក្រៅប្រទេស សម្ដេចតេជោគ្រោងយកមន្ទីរពេទ្យ កាល់ម៉ែតធ្វើជាមូលដ្ឋាន បង្អែកថ្នាក់ជាតិ ជាមួយនឹងការវះកាត់ ផ្លាស់គ្រឿងក្នុងមនុស្ស គឺសម្ដេចបានអះអាងផងដែរថា មន្ទីរពេទ្យកងទ័ព អាចនឹងធ្វើការវះកាត់ និងផ្លាស់ប្ដូរគ្រឿងមនុស្ស បានផងដែរ។
សម្ដេចបញ្ជាក់ថា “ការប្ដូរក្រលៀន ឬសិរីរាង្គមួយចំនួន គឺធ្វើបាននៅកម្ពុជាយើង ដោយសុវត្ថិភាព គឺនៅក្នុងមន្ទីរពេទ្យកងទ័ព របស់យើងតែម្ដង”៕
ដោយ៖ បាន ធារ៉ូ