ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ TYDA មិនអាចកើតមាន បើគ្មានគំនិតផ្ដួចផ្ដើម ពីសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ ក្នុងពិធីបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA បានថ្លែងថា ភាពជោគជ័យរបស់ TYDA មិនអាចកើតមានបានទេ បើគ្មានគំនិតផ្ដួចផ្ដើម និងការគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងមានការចូលរួមគាំទ្រ ពីសប្បុរសជន ដៃគូរសហការ អជ្ញាធរ យុវជន ផ្នែកពាក់ព័ន្ធ និងសមាជិក TYDA ទាំងអស់ ។

លោកបង្ហាញក្តីសង្ឃឹម និងស្នើឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីឲ្យមានលទ្ធភាព កាន់តែច្រើន ដើម្បីជួយប្រជាពលរដ្ឋ និងបង្កើតសកម្មភាពថ្មីៗ ឲ្យកាន់មានភាពជោគជ័យបន្ថែមទៀត ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនៃការបញ្ចូលជាសមាជិក TYDAលោកថាមានអត្ថន័យ២ គឺទី១ ៖ ជាការអបអរសាទរ នៃការរីកចំរើនរបស់ TYDA ដែលការរីកចម្រើននេះ មិនគ្រាន់តែជាតួលេខនោះទេ ប៉ុន្តែជាការចូលរួម ដោយស្ម័គ្រចិត្តប្រកបដោយឆន្ទៈ បេះដូង និងវិជ្ជាជីវៈ ធ្វើសកម្មភាពមនុស្សធម៌ និងជាការផ្ដល់កម្លាំងសាមគ្គី ក្នុងគោលដៅរួម ដើម្បីជួយប្រជាពលរដ្ឋ។ លទ្ធផលទាំងអស់នេះ បានទទួលមកវិញនូវគុណតម្លៃ នៃការទទួលស្គាល់របស់ប្រជាពលរដ្ឋ ចំពោះសកម្មភាពមនុស្សធម៌ របស់TYDA។

ទី២ វិញ គឺជាការថ្លែងអំណរគុណ ចំពោះកTYDA ដែលបានចូលរួម ធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះ មិនផ្ដោតលើរូបភាពនោះទេ គឺយកគុណភាពនៃសកម្មភាព TYDA តាមរយៈការស្ម័គ្រចិត្ត ធ្វើការបំរើប្រជាពលរដ្ឋ៕

To Top