ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីស្នើ Smart ពិនិត្យ Roaming នៅក្រៅប្រទេស ខណៈមានគម្រោង បង្កើតបន្ថែមលើ ប្រព័ន្ធ5G នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើលោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad –Smart ជួយ ពិនិត្យពិចារណាប្រព័ន្ធស្មាត នៅក្រៅប្រទេស (Roaming) ដើម្បីឲ្យមានការហៅ ចេញ-ចូលក្រៅប្រទេស បាន។

ជាមួយនឹងការស្នើ របស់សម្តេចតេជោ គឺក្រុមហ៊ុន Smart ក៏បានបោះទុនវិនិយោគ ប្រមាណជា១,៤០០លានដុល្លាររួចហើយ ជាពិសេសគម្រោង លើប្រព័ន្ធល្បឿនលឿន 5G នៅកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម បានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុន Smart មិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែមានគោលដៅចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ថែមទៀតផង។

លោកមានប្រសាសន៍ថា “ក្រុមហ៊ុន Smart Axiata បានបោះទុនវិនិយោគនៅកម្ពុជា អស់ប្រមាណ ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុន កំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀត គឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ” ។

សម្រាប់នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើឲ្យក្រុមហ៊ុន Smart ពិចារណាពិនិត្យមើលប្រព័ន្ធ Smart នៅក្រៅប្រទេស Roaming ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធ Smart អាចដំណើរការទៅបាន ទាំងការហៅចេញ-ចូល និងប្រព័ន្ធ Internet ឲ្យបានល្អនៅក្រៅប្រទេស។

សម្តេចតេជោបន្តថា “នៅពេលសម្តេចអញ្ជើញ ទៅបេសកកម្មក្រៅប្រទេស គឺប្រព័ន្ធ Smart មិនសូវមាន Roaming ដែលបង្កការលំបាកក្នុងការប្រើប្រាស់” ។

សម្ដេចតេជោ ក៏បានស្នើបន្តឲ្យក្រុមហ៊ុន Smart ពិចារណាពង្រីកវិសាលភាព របស់ក្រុមហ៊ុនឲ្យគ្របដណ្ដប់ ទៅលើទីជនបទឲ្យបានច្រើន ជាពិសេស ស្នើឲ្យក្រុមហ៊ុន ពិចារណាជួយផ្តល់សេវា Internet ដល់សាលារៀន រួមទាំង សាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងនៅតាមបណ្ណាល័យ និងមន្ទីរពេទ្យ ធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស មានឱកាស ប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ពង្រីកចំណេះវិជ្ជាដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្ស ឲ្យកាន់តែរីកចម្រើន។

ប្រធានក្រុមហ៊ុន Smart បានសន្យាថា នឹងបន្តពង្រីកវិសាលភាព របស់ក្រុមហ៊ុនបន្តទៀត ដើម្បីគ្របដណ្ដប់ទៅតាមទីជនបទនៅ។ ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន ក៏ស្នើឲ្យនាយករដ្ឋមន្ដ្រីកម្ពុជាវិញដែរ គឺជួយធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនមានឱកាស បានចូលរួមចំណែកកាន់តែខ្លាំងឡើង ក្នុងការអភិវឌ្ឍសង្គមជាតិ របស់កម្ពុជា៕ ដោយ ៖ អេង ប៊ូឆេង

To Top