ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន ៖ ការរីកច្រើននូវប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យពិបាកគ្រប់គ្រង ព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលស្គាល់ថា ការរីកច្រើននូវបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ធ្វើឲ្យមានការក្នុងគ្រប់គ្រងដូចជា ព័ត៌មានក្លែងក្លាយ ការញុះញង់ និងការជេរប្រមាថជាដើម។

ក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានានាកើតពីការរីកសាយ នូវប្រព័ន្ធផ្សព្វផ្សាយផ្នែកឌីជីថល។

លោកមានប្រសាសន៍ថា “ទន្ទឹមនឹងការរីកច្រើន នូវបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា យើងក៏ត្រូវគ្រប់គ្រងបញ្ហា ដែលកើតចេញពីការប្រើប្រាស់ បច្ចេកវិទ្យានេះឲ្យបាន ។ ជាពិសេសបញ្ហាព័ត៌មានក្លែងក្លាយ ការញុះញង់ បញ្ឈេះកំហឹង ការជេរប្រមាថ ការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជា ការហែគចូលបំផ្លាញឯកសាធារណៈ ឬឥស្សរជននានា ការជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត ដែលកំពុងគម្រាមកំហែង និងបង្កហានិភ័យធ្ងន់ធ្ងរ ទៅលើសិទ្ធិបុគ្គល ឯកជន និងសិន្ដិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល” ។

លោកបន្ដថា បញ្ហាទាំងនេះ តម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ ឲ្យកាន់តែជិតស្និតបន្ថែម ទាំងក្នុងក្របខណ្ឌ ទ្វេភាគីក្របខណ្ឌក្នុងតំបន់ និងសាកលលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីរំសាយព័ត៌មានក្លែងក្លាយ ។

ឆ្លៀតឱកាសនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណក្រុមហ៊ុនហ្វេសប៊ុក និងភាគីពាក់ព័ន្ធ តែងតែគាំទ្រ និងផ្ដល់កិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហា ដែលមានកើតមានឡើង ដូចជា ការចូលលួចកាន់កាប់ហ្វេសប៊ុក ថ្នាក់ដឹកនាំ ឬឥស្សរជនល្បីៗនៅកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង

To Top