ព័ត៌មានជាតិ

អ.វ.ត.ក​ នឹងចេញសាលដីកា លើបណ្តឹងឧទ្ធរណ៍ ប្រឆាំងដីកាដំណោះស្រាយ សហចៅក្រមស៊ើបអង្កេត សំណុំរឿង ០០៤/២

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក) នឹងចេញសាលដីកា របស់ខ្លួនលើបណ្តឹងឧទ្ធរណ៍ប្រឆាំង នឹងដីកាដំណោះស្រាយ របស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង ០០៤/២។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាចោទប្រកាន់បញ្ជូន អោ អាន ទៅជំនុំជម្រះ ហើយនៅថ្ងៃដដែលនោះដែរ សហចៅក្រមស៊ើបអង្កេតជាតិ បានលើកលែងបទចោទទាំងអស់ ប្រឆាំងនឹងរូបគាត់។

អង្គបុរេជំនុំជម្រះបានទទួលបណ្តឹង ឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវី របស់ជនត្រូវចោទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ដែលចេញដោយសហចៅក្រមស៊ើប អង្កេតអន្តរជាតិ និងបណ្តឹងឧទ្ធរណ៍ដាក់ ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទ ប្រកាន់ជនត្រូវចោទ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ។

ជាមួយគ្នានេះ នៅថ្ងៃទី១៩-២០-២១ ខែមិថុនា ឆ្នាំ២០១៩ អង្គបុរេជំនុំជម្រះក៏បានបើកសវនាការ ក្នុងសំណុំរឿង០០៤/២ ដើម្បីស្តាប់ទឡ្ហីករណ៍របស់ភាគីនានា៕

To Top