ព័ត៌មានជាតិ

CREA អំពាវនាវឲ្យពលរដ្ឋ ពិចារណាមុនសម្រេចចិត្តទិញដី មិនមានប័ណ្ណ កម្មសិទ្ធិច្បាស់លាស់

ភ្នំពេញ ៖ ទោះបីជាវិស័យអចលនទ្រព្យ នៅកម្ពុជាមានសន្ទុះហក់លោត ឡើងយ៉ាងខ្លាំង នាដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមួយរយៈចុងក្រោយ ពោលគឺនៅចុងឆ្នាំ២០១៩នេះវិញ ចាប់ផ្តើមស្ងប់ស្ងាត់បន្តិច តែហាងឆេង និងការវិនិយោគដីធ្លី នៅតែរក្សាបានស្ថេរភាព តម្លៃយ៉ាងល្អ ជាពិសេសរាជធានីភ្នំពេញ និងតំបន់ជាយៗ រាជធានីភ្នំពេញតែម្តង ដែលបន្តស្រូបទាញវិនិយោគិន ក្នុងស្រុកឲ្យវិនិយោគលើវិស័យនេះ ប៉ុន្តែនៅតែមានអ្នកបង្កើត ឲ្យមានបញ្ហា ។

ក្នុងនោះ បើតាមលោក ឃាង ពុទ្ធី ដែលជាអ្នកជំនាញក្នុង សមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានគត់សម្គាល់ឃើញថា អ្នកដែលបង្កើតឲ្យមានបញ្ហាដីធ្លី គឺជាអ្នកចង់ចំណេញច្រើនក្នុងការទិញ-លក់ដីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ។ ដូច្នេះលោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការពិចារណា ឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញដី គ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់។

លោក ឃាង ពុទ្ធី បានលើកឡើង កាលពីពេលថ្មីៗថា “ប្រជាជនដែលជាអ្នកវិនិយោគ ក្នុងស្រុកមួយចំនួន នៅតែមានការទិញលក់ ដីធ្លី ដែលមិនមានប័ណ្ណកម្មសិទ្ធិ ច្បាស់លាស់ ក្នុងតម្លៃថោក ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដែលធ្វើឲ្យមានហានិភ័យ និងបង្កើតទៅជាវិបត្តិដីធ្លី” ។

អ្នកជំនាញរូបនេះ បានពន្យល់ថា កាលណាបើអ្នកវិនិយោគ គិតពិចារណាឲ្យបានច្បាស់លាស់ មុននឹង សម្រេចចិត្ត ធ្វើការវិនិយោគ ទិញ-លក់ អចលនទ្រព្យដែលមិនមានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ នោះគឺជាចលករមួយ ជួយជម្រុញដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយបញ្ហា និងជម្លោះដីធ្លី នឹងឈានទៅរកការលុបបំបាត់ទំនាស់ ដីធ្លីដែលធ្វើ ឲ្យវិស័យនេះ នឹងបន្តល្អប្រសើរទៅមុខជានិច្ច ។

ក្រៅពីធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋពាក់ព័ន្ធវិស័យមួយនេះ ឲ្យគិតពិចារណាឡើងវិញ រាល់ការទិញ-លក់ដីធ្លីគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ហើយនោះ លោក ឃាង ពុទ្ធី ក៏បានធ្វើការអំពាវនាវផងដែរ ដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមានសមត្ថកិច្ចជួយ ដោះស្រាយ និងពន្លឿនលើនីតិវិធី ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ។

អ្នកជំនាញរូបនេះ ក៏បានលើកឡើងដែរថា “នេះជារឿងល្អ ប្រសិនបើប្រជាពលរដ្ឋយល់ដឹងពីករណីនេះ ជាពិសេសអាចជួយ ដល់រាជរដ្ឋាភិបាលបានច្រើន ព្រោះថាកន្លងមក ប្រជាជន ចេះតែទម្លាក់កំហុសលើរដ្ឋាភិបាល តែការពិតអ្នកវិនិយោគមួយចំនួន នៅតែដើរទិញដីធ្លីដែលមានត្រឹមប័ណ្ណទន់ ឬលិខិតកាន់កាប់ ស្នាក់នៅត្រឹមភូមិ-ឃុំជាដើម ដែលតែងតែមានជម្លោះកើតឡើង” ។

ក្នុងនោះដែរ អ្នកជំនាញដដែរនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំប្រឹងប្រែងពន្លឿន ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋទូទាំងប្រទេស ហើយសង្ឃឹមទៀតថា អាចនឹងបញ្ចប់តាមផែនការ ដែលបានគ្រោងទុកក្នុងឆ្នាំ២០២១ តាមការប្រកាសរបស់ក្រសួង ។

បើតាមអ្នកជំនាញរូបនេះ ដើម្បីធ្វើប្លង់ ទន់ ទៅរឹង ចាំបាច់ត្រូវមានឯកសារដូចជា ៖ ច្បាប់ថតចម្លងអត្តសញ្ញណប័ណ្ណ អ្នកស្នើសុំ (បញ្ជាក់ពីស្រុក/ខណ្ឌ ឬផ្តិតមេដៃស្តាំ លើអត្តសញ្ញាណប័ណ្ណថតចម្លង) , សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ផ្តិតមេដៃ) ចំពោះអ្នកនៅលីវ តម្រូវឲ្យមានការបញ្ជាក់ ពីភាពនៅលីវពីមេឃុំ /ចៅសង្កាត់ ។

ដោយឡែកបើពោះម៉ាយ/មេម៉ាយ ត្រូវមានការបញ្ជាក់ពីមេឃុំ /ចៅសង្កាត់ដូចគ្នា និងភ្ជាប់ជាមួយ សំបុត្រមរណៈភាព និងសាលក្រមលែងលះ , ថតចម្លងអត្តសញ្ញាណប័ណ្ណសាក្សី២នាក់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី (ច្បាប់ដើម) ។ បើច្បាប់ដើមនៅធនាគារ ត្រូវថតចម្លង បូកត្រាបញ្ជាក់ពីធនាគារ ឬត្រូវមានលិខិតអនុញ្ញាតពីធនាគារ ៕

To Top