ភ្នំពេញ ៖ ក្នុងនាមជាសមាជិក របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា តំបន់អាស៊ាន គឺគ្មានបងធំ-តូចទេ ខុសពីសហគមន៍អឺរ៉ុប (EU) ដែលមានបងធំ និងបងតូច ដោយមានប្រទេសសខ្លះ មិនពេញចិត្ត ចំពោះអឺរ៉ុប។
សូមបញ្ជាក់ថា អាស៊ាន បានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន ៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង ប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដី ដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគម ក្នុងសម័យនោះ ។ គួបផ្សំនឹងការចាប់ផ្ដើម នៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំប្រកៀកស្មាគ្នា បង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ចាប់ពីឆ្នាំ១៩៨៤ មកទើបបណ្ដាប្រទេសដទៃប្រាំទៀត ក្នុងតំបន់នេះ រួមមាន ៖ ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិក នៃសមាគមនេះជាបន្តបន្ទាប់ ៕