ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទស្សនកិច្ចនៅខេត្តជីលីន ប្រទេសចិន លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានអះអាងថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណជា ១ ៨០០ ០០០នាក់ ក្នុងចំណោមភ្ញៀវទេសចរ អន្តរជាតិជិត៥លាននាក់ ។
ការដឹកនាំបំពេញទស្សនកិច្ច នៅខេត្តជីលីននេះ បន្ទាប់ពីអភិបាលខេត្ត និងប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ខ្មែរ ចូលរួមឆ្នាំទេសចរណ៍ រវាងកម្ពុជា-ចិន ខណៈកាលពីដើមឆ្នាំនេះ រដ្ឋមន្រ្តីទេសចរណ៍ចិន ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ទើបចុងឆ្នាំនេះ កម្ពុជាបានទៅបំពេញទស្សនកិច្ចម្តង ។
ក្នុងពិព័រណ៍ China Jilin International Ice and Snow Industry Expo 2019 នៅទីក្រុងចាងជូន ខេត្តជីលីន បានចាប់ផ្តើមពីថ្ងៃទី១១-១៦ ធ្នូ។ ពិព័រណ៍នេះ ដើម្បីរឹតចំណងមិត្តភាព រវាងកម្ពុជា-ចិន ដោយសារខេត្តនេះ សំបូរទៅដោយសមាគម និងធុរកិច្ចជនទៅដាក់ទុនវិនិយោគ យ៉ាងច្រើននៅខេត្តព្រះសីហនុ ។
សម្រាប់ពិព័រណ៍នេះ ក៏មានការចូលរួម ពីសហប្រធានសមាគមកាសែត កម្ពុជា-ចិនផងដែរ ដឹកនាំដោយលោក សយ សុភាព និងភាគីចិន គឺលោក លី ស៊ាងគង់។
លោក គុជ បញ្ញាសា បានថ្លែងថា កម្ពុជាមានសក្តានុពលចម្រុះជាច្រើន (អេកូទេសចរណ៍ ផលិតផលទេសចរណ៍ជាច្រើនទៀត) ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកពីជុំវិញពិភពលោក ជាពិសេសចិនឲ្យមកទស្សនា កាន់តែច្រើនបន្ថែមទៀត ។
លោករំពឹងថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច នៅខេត្តជីលីន កម្ពុជានឹងផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ខ្លួន ទៅកាន់ប្រជាជនចិន ក្នុងខេត្តជីលីននេះផ្ទាល់ ហើយសង្ឃឹមថា នឹងទទួលបានភ្ញៀវ ក៏ដូចជាអ្នកវិនិយោគចិនច្រើនឡើង ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា ។
អនុរដ្ឋលេខាធិការបញ្ជាក់ថា “មកដល់ឥឡូវឆ្នាំ២០១៩ ក្នុងខែកញ្ញា គឺយើងទទួលបានភ្ញៀវទេសចរចិន ចំនួន១ ៨០០ ០០០ នាក់” ។
លោករំពឹងថា ចុងឆ្នាំ២០១៩ នឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណជា២លាននាក់ ដោយមានកំណើន កើនឡើងជារៀងរាល់ឆ្នាំ ដែលការកើននេះ ដោយសារការរៀបចំ ផែនការយុទ្ធសាស្រ្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរ នៅជុំវិញពិភពលោក។
លោកបន្តថា ក្រសួងទេសចរណ៍ បានព្យាករណ៍ទុកមុន គឺនៅឆ្នាំ២០២០ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន រហូតប្រមាណជា៣លាននាក់ ហើយឆ្នាំ២០២៥ នឹងទទួលបាន៥លាននាក់ផងដែរ ។
សូមបញ្ជាក់ថា ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ បានជាង៤.៨លាននាក់ ៕ ដោយ៖ ធី លីថូ