ស្វាយរៀង៖ ឧក្រិដ្ឋជនជួញដូរថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ ( ទម្ងន់ ជាង៤គីឡូក្រាម ) លាក់ ក្នុងធុងបាស ត្រូវបាន សមត្ថកិច្ច ធ្វើការដកហូត បាន ខណៈពេលដែលជនសង្ស័យ បម្រុងលួចនាំ ឆ្លងដែនទៅ ប្រទេសវៀតណាម ។
លោកវរៈសេនីយ៍ឯកកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នេះថាករណីបង្ក្រាបបាន គ្រឿងញៀន ដែលបម្រុងឆ្លងដែនទៅវៀតណាមកម្លាំងយើង បានបង្ក្រាបបានចំនួន៤កញ្ចប់ ធំស្មើរនិង៤គីឡូក្រាមដែលលាក់ក្នុងធុងបាសនៅក្រុង បាវិតហើយ ត្រូវបាន សមត្ថកិច្ចកម្ពុជាយើងចាប់ឃាត់ កាលពី ថ្ងៃទី១៦ ខែធ្នូ ២០១៩ នោះកម្លាំងជំនាញយើងកំពុងស្រាវជ្រាវ បន្តទៀតទាំងកម្លាំងជំនាញនៅភ្នំពេញ និងខេត្តសហការគ្នាដើម្បីចាប់ខ្លួន ក្រុមបក្ខពួកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បន្តទៀត។
បើតាមប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីលោក វរសេនីយ៍ឯក កែវ គង់ អធិការនគរបាលក្រុងបាវិត បានទទួលព័ត៌មាន ពី សមត្ថកិច្ចគយវៀតណាម តាមរយៈទូរស័ព្ទ រាយការណ៍មកថា សមត្ថកិច្ចវៀតណាម បានឃាត់ខ្លួនជនជាតិខ្មែរ ម្នាក់ ពាក់ព័ន្ធនឹង ករណីដឹកជញ្ជូន គ្រឿងញៀន ឆ្លងដែននិង ដកហូតថ្នាំញៀន ចំនួន១ គីឡូក្រាម ពីឈ្មោះ អ៊ុ ណាំ ភេទប្រុស អាយុដ១៧ឆ្នាំ មុខរបររត់ការ លិខិតឆ្លងដែនកម្ពុជា វៀតណាម មានទីលំនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយមានការសហការពី សមត្ថកិច្ចវៀតណាម កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត បាននាំខ្លួន ជនសង្ស័យខាងលើមកកម្ពុជា ធ្វើការសាកសួរដើម្បីធ្វើការស្រាវជ្រាវ ។ តាមចម្លើយ របស់ ជនសង្ស័យបានឆ្លើយថា មានអីវ៉ាន់ ចំនួន ពីរកេស ទៀតផ្ញើទុកនៅ ហាងបាយយីហោ ( តាលឿង ) មានទីតាំង ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពខាងលើបានបន្តទៀតថា នៅពេលបានតម្រុយ ដូច្នេះសមត្ថកិច្ច បានចុះទៅ ត្រួតពិនិត្យ អីវ៉ាន់នោះ ដោយឃើញមានធុងបាស ចំនួន ២ធុង ដោយមានការសង្ស័យ សមត្ថកិច្ចយើង បានគាស់ធុងបាស នោះឃើញមានម្សៅ ក្រាម ពណ៌សថ្លា សង្ស័យ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កញ្ចប់ធំ ក្នុងមួយ ធុងបាស់ស្មើ ៤កញ្ចប់ ធំទម្ងន់ ៤១៤០.០៨ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង បានឃាត់ខ្លួន និងយកមក រក្សាទុក ទៅការិយាល័យជំនាញ ដើម្បី ស្រាវជ្រាវ បន្ត ៕