ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មសង្ឃឹមថា ក្រុមហ៊ុនជប៉ុន នឹងមកបណ្តាក់ទុន វិនិយោគ កាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្ដីសង្ឃឹមថា នឹងមានក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុន ជាច្រើនបន្ថែមទៀត នឹងមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម ។

នៅក្នុងកិច្ចសន្ទនា ទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី “ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក វេង សាខុន បានបញ្ជាក់ថា កិច្ចសន្ទនាទ្វេភាគីនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ក្រសួង និងវិស័យឯកជន ពាក់ព័ន្ធនៃប្រទេសទាំងពីរ បានមកជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងធាតុចូលផ្សេងៗ ដើម្បីស្វែងរកការរីកចម្រើន លើវិស័យខ្សែច្រវាក់ តម្លៃផលិតកម្មស្បៀង និងជាពិសេស ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន និងក្រុមហ៊ុន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍ ក្រុមហ៊ុន និងសហគមន៍កសិកម្ម ស្របតាមអភិក្រម ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍” ឲ្យកាន់តែស៊ីជម្រៅ ពេញលេញ និងគ្រប់ជ្រុងជ្រោយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសន្ទនានេះប្រាកដជានឹង ជួយពង្រឹងសមត្ថភាព វិស័យឯកជនកម្ពុជា លើការងារបច្ចេកទេសផ្នែកខ្សែ ច្រវាក់តម្លៃផលិតកម្ម ស្បៀង ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

ភ្ជាប់ទៅនឹងការវិនិយោគរបស់វិស័យឯកជន លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគក្នុង និងក្រៅប្រទេស បាននិងកំពុងបណ្តាក់ទុន វិនិយោគលើវិស័យ កសិកម្ម មានជាអាទិ៏ ផ្នែកផលិតកម្មកសិកម្ម ការកែច្នៃកសិផល កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ ក្នុងនោះក៏មានក្រុមហ៊ុន ជប៉ុនផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាកសិករកម្ពុជា លោករដ្ឋមន្ត្រី ចង់ឃើញក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគ កាន់តែច្រើនថែមទៀត ដើម្បីពង្រីកឱកាស ឲ្យដល់កសិករ ឬអ្នកផលិតនៅទីជនបទ អាចទទួលបានការងារ រៀនសូត្រចំណេះ ជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាព ឲ្យបានពេញលេញ និងសមស្របទៅតាម បរិបទនៃកំណើន សេដ្ឋកិច្ច និងបច្ចេកវិទ្យា ។

ជាមួយគ្នានោះដែរ លោក MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានឡើងមានចំណាប់អារម្មណ៍ ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា ដែលគួរជាទីមោទន របស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជា ដូចដែលយើងបានឃើញ យ៉ាងច្បាស់នាពេលបច្ចុប្បន្ន។ ជាការពិត ដើម្បីឲ្យវិស័យនេះ មានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជម្រុញឲ្យ បានសកម្ម និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហា ដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម ជំរុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។ លោកឯកអគ្គរាជទូត សង្ឃឹមថា កិច្ចសន្ទនានេះ នឹងផលិតបានធាតុចូល សំខាន់ៗ សម្រាប់ជាទុនគ្រឹះ ក្នុងការអភិវឌ្ឍ ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងហើយពិតណាស់ សង្ឃឹមថាក្រុមហ៊ុន ដែលចូលរួមនៅពេលនេះ នឹងចែករំលែកចំណេះ ជំនាញ បទពិសោធន៍ ធ្វើយ៉ាងណាឲ្យកិច្ចសន្ទនានេះដំណើរទៅដោយរលូន និងផលិតបាន លទ្ធផលយ៉ាងល្អប្រសើរ សម្រាប់ភាគីពាក់ព័ន្ធ យកទៅប្រើប្រាស់ ជាប្រយោជន៍ ក្នុងការលើកកម្ពស់ គុណភាព និងគុណតម្លៃនៃខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះ។ ចុងបញ្ចប់ ឯកអគ្គរាជទូតសូមជូនពរឲ្យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរតរៀងទៅ។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានជម្រាបថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើង៥លើក រួចមកហើយ ហើយលើកទី៥ នេះកាន់តែមានអត្ថន័យ និងខ្លឹមសារជាចាំបាច់ ស្របតាមនិន្នាការនៃការរីកចម្រើន នៃវិស័យខ្សែច្រវាក់ តម្លៃផលិតកម្មស្បៀង ដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់។ ដូច្នេះ លោកសង្ឃឹមថាវត្តមាន របស់សមាជិ សមាជិកា នាពេលនេះនឹងចូលរួម ផ្ដល់មតិយោបល់ អនុសាសន៍ បទពិសោធន៍ល្អៗ ព្រមទាំងពិនិត្យ ពិភាក្សាឲ្យបានស៊ីជម្រៅ បន្ថែមទៀត ទៅលើខ្លឹមសារ នៃប្រធានបទ ដូចមានចែងក្នុងរបៀបវារៈ និងត្រូវគិតគូររៀបចំ ចេញជាយន្តកា រដោះស្រាយបញ្ហា ឲ្យមានប្រសិទ្ធភាព និងវិធានការនានា ក្នុងន័យស្ថាបនា ស្មារតីយោគយល់ ដើម្បី ឲ្យដំណើរការអនុវត្ត ខ្សែច្រវាក់តម្លៃផលិតកម្ម ស្បៀងនេះមានលក្ខណៈសង្គតិភាព ឆ្លើយតបទៅនឹង អត្ថប្រយោជន៍ នៃប្រទេសទាំងពីរ ៕

ដោយ៖ បាន ធារ៉ូ

To Top