ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញ មួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនអចលនទ្រព្យក្រៅប្រទេស ល្បីៗជាច្រើន បានសម្រុកចូលក្នុងទីផ្សារកម្ពុជានោះ លោកឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា (CREA) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក រួមគ្នាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងសាមគ្គីភាពបន្ថែមទៀត។
លោក ឃាង ពុទ្ធី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា “យើងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនអចលនទ្រព្យក្រៅប្រទេសល្បីៗ បានសម្រុកចូលទីផ្សារកម្ពុជា ដើម្បីដណ្ដើមទីផ្សារ របស់ប្រជាពលរដ្ឋយើង ហើយនឹងអ្នកជំនាញនៅក្នុងស្រុក ។ អីចឹងខ្ញុំសូមឲ្យក្រុមហ៊ុន ទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក រួមគ្នាខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងសាមគ្គីភាព បន្ថែមទៀត ដើម្បីកុំឲ្យក្រុមហ៊ុនបរទេសទាំងនោះ ដណ្ដើមទីផ្សារបាន”។
លោកបន្តថា ទាំងទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក និងក្រៅស្រុក គឺមានជំនាញដូចគ្នា អាចបម្រើការជូនអតិថិជនជាតិ និងអន្តរជាតិ បានដូចគ្នា ដោយប្រើនូវបច្ចេកទេសទំនើប តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម (សូសលមេឌៀល តេឡេក្រាម ហ្វេសប៊ុក )ជាដើម។
ប្រធាន CREA ឲ្យដឹងទៀតថា ការប្រើប្រាស់ ទីភ្នាក់ងារអចលនទ្រព្យក្នុងស្រុក ជាកត្តាយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងជួយគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក និងបានកាត់បន្ថយ ការចំណាយ របស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
ប្រធាន CREA បញ្ជាក់ថា ១០ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង គួរឲ្យមានការកត់សម្គាល់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕