ភ្នំពេញ ៖ ក្រោយពីមានជនឆ្លៀតឱកាស កេងយកផល ចំណេញលើនយោបាយ របស់ខ្លួនអំពីតម្លៃស្រូវ-អង្ករកម្ពុជា អ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានផ្ដាំផ្ញើ ទៅក្រុមទាំងនោះ ជាពិសេសអតីតបក្សប្រឆាំង នៅក្រៅប្រទេស កុំយកបញ្ហានយោបាយ មកដាក់ទណ្ឌកម្ម កសិករខ្មែរឲ្យសោះ ។
ជារឿយៗពួកក្រុមប្រឆាំង នៅក្រៅប្រទេសបាន អំពាវនាវឲ្យ សហភាពអឺរ៉ុប (EU)ដាក់សម្ពាធមកលើកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វិធានការរក្សាតម្លៃ ឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានអំពាវនាវ ឲ្យពលរដ្ឋខ្មែរ នៅអាមេរិក ត្រូវយកចិត្តទុកដាក់ ចំពោះផលិតផលខ្មែរ។
លោកមានប្រសាសន៍ថា “កុំយកបញ្ហានយោបាយ យកដាក់ទណ្ឌកម្មកសិករយើង ដូចជា អ្នកនយោបាយ មួយចំនួន ដើរប្រាប់គេកុំឲ្យទិញផលិតផល ស្រុកខ្មែរ អាហ្នឹងអាក្រក់បំផុត”។
លោកបន្ដថា កសិករខ្មែរមិនមែន ជាអ្នកនយោបាយទេ ពួកគាត់ចង់បាន សន្ដិភាព ក្នុងការរស់នៅ ដូច្នេះ ធ្វើយ៉ាងណាជួយពង្រឹង កសិករបស់កម្ពុជា លក់ស្រូវទៅក្រៅប្រទេសឲ្យបានច្រើន។
ការរៀបចំសន្និសីទរបស់ អង្គភាព រាជរដ្ឋាភិបាលនេះ ក្រោយមានមតិមួយចំនួន ពិសេសប្រជាកសិករបានរអ៊ូរទាំថា តម្លៃស្រូវមាន ការចុះថ្លៃធ្វើឲ្យពួកគាត់ លំបាកលក់ចេញ ទោះបីរាជរដ្ឋាភិបាលទំលាក់ថវិកា ៥០លានដុល្លារ ស្រោចស្រង តម្លៃស្រូវដែលធ្លាក់ចុះ។
ចំពោះថវិកានេះ លោក កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាលផ្ដល់ជូនធនាគារអភិវឌ្ឍន៍ ជនបទ ៥០លានដុល្លារ គឺប្រើប្រាស់ត្រឹមត្រូវ មិនដូចការចោទប្រកាន់ ពីមនុស្សមួយចំនួនថា ថវិកាទាំងនេះ ប្រើប្រាស់មិនត្រឹមត្រូវ។
ពាក់ព័ន្ធតម្លៃធ្លាក់ចុះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចតាមការលើកឡើង របស់មតិរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកឡើយ ព្រោះជាក់ស្ដែងនៅតាម បណ្តាខេត្តមួយចំនួន កំពុងមមាញឹកក្នុងការប្រមូលផល ពោរគឺស្រូវនៅមានតម្លៃសមរម្យនៅជាធម្មតា លើកលែងតែស្រូវដែលមានគុណភាពអន់តែប៉ុណ្ណោះ ។
ថ្មីៗនេះ មានបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកមួយចំនួនបានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងពាក់ព័ន្ធ នឹងតម្លៃស្រូវគ្រប់ប្រភេទថា ធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែន ប្រទេសថៃ ដូចជា ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឲ្យសមស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ ប្រជាកសិករ ។
យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា “បើតាមការ ស្រាវ ជ្រាវព័ត៌មានពីបណ្តាមន្ទីរកសិកម្មខេត្ត បាន បង្ហាញថា នៅតាមបណ្តាខេត្តដែលបាននិងកំពុងមមាញឹក ក្នុងការ ប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមាន គុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយ មន្ត្រីជំនាញ ចុះប្រមូលទិញ ដោយផ្ទាល់ និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់ សស្រាំផងដែរ” ។
ឆ្លៀតឱកាសសន្និសីទសារព័ត៌មាននោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក ម៉ាក់ សឿន បានលើកឡើងថា ឆ្នាំ២០១៩ នេះចិនគឺជាប្រទេសទី១ ស្រូបយកអង្កច្រើនជាងគេពីកម្ពុជា រហូតទៅដល់ ជាង២២៥ពាន់តោន ។ លោក សង្ឃឹមថា នៅឆ្នាំ២០២០ ខាងមុខ ចិននឹងទិញអង្ករពីកម្ពុជា ច្រើនជាងនេះទៀត។
បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ទៀតថា លទ្ធភាព ប្រកួតប្រជែងនាំអង្ករកម្ពុជា ទៅក្រៅប្រទេស គឺប្រើប្រាស់ពូជស្រូវសែនក្រអប់ ដែលអនុវត្តតាមសេរីរាង និងកសិកម្មល្អ ផងដែរ។
ចំណែក លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍជនបទ បានថ្លែងថា សព្វថ្ងៃស្រូវនៅកម្ពុជា ក្នុង១គីឡូក្រាម ជាង ១ពាន់រៀល ដូច្នេះ កសិករបានចំណេញយ៉ាងច្រើន បើសិនកសិករធ្វើស្រូវទទួល បានផលល្អ។
សម្រាប់លោក សុង សារ៉នប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា វិញបានថ្លែងឲ្យដឹងដែរថា ក្នុងរយៈពេល១០ឆ្នាំ កម្ពុជាបាន នាំចេញអង្ករទៅក្រៅប្រទេស ជាង៤លានតោន ក្នុងនោះ នាំចេញទៅ៤៦ប្រទេស នៅជុំវិញពិភពលោក។
លោកមានប្រសាសន៍ថា “រយៈពេល១០ ចាប់ពីឆ្នាំ២០០៩ ដល់ពី២០១៩ ត្រឹមខែវិច្ឆិកានេះ បានចំនួន ៤លានជិត២សែនតោន។ដូច្នេះការនាំពេញអង្ករបស់យើង រយៈពេល១ ០ ឆ្នាំនេះ យើងនាំចេញជិត៤៦ប្រទេស នៅលើពិភពលោក គាត់បានហូបអង្ករបស់យើង”។
លោករៀបរាប់ថា បន្ទាប់ពីសហភាពអឺរ៉ុប (EU) យកពន្ធអង្ករកម្ពុជាពីដើមខែមករា ឆ្នាំ២០១៩ គឺក្នុងរយៈពេល២-៣ ខែដំបូងអង្ករកម្ពុជានាំចេញទៅ EU រៀងលំបាក ក្នុងការទិញអង្ករពីកម្ពុជា។លោកថា ក្រោយមកអង្ករកម្ពុជា មានគុណភាពល្អ និងមានអតិថិជនពេញចិត្តច្រើន ទើបអង្ករកម្ពុជាមានការផ្លាស់ប្ដូរ ធ្វើឲ្យប្រជាជននៅ EU បានទិញអង្ករកម្ពុជាច្រើនជាងមុន។ ក្នុងនោះ អង្ករសែនក្រអូបទៅ ទីផ្សារ EU មានកើនឡើងខ្ពស់៕ ដោយ អេង ប៊ូឆេង