ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានអះអាងថា វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា នឹងបន្ដភាពរីកចម្រើនឥតឈប់ឈរ ដោយសារកត្ដាសំខាន់ៗ ៣ ដែលជាគ្រឹះដ៏រឹងមាំ រួមមានកត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ។
ការថ្លែងរបស់អ្នកជំនាញដីធ្លីរូបនេះ ស្របពេលលោកបានចុះហត្ថលេខា ប្រគល់សិទ្ធិធ្វើអាជីវកម្ម របស់ក្រុមហ៊ុន KW Cambodia ដល់សាខាចំនួន ៤ និងអនុសាខាចំនួន ២ កាលពីម្សិលមិញ ។ លោកថា ភាពរីកចម្រើនរបស់កម្ពុជា គ្មានការថមថយនោះទេ ដរាបណាកម្ពុជាមាននយោបាយរឹងមាំ និងរក្សាកំណើនសេដ្ឋកិច្ច ៧% បែបនេះ ។
លោកបណ្ឌិតបញ្ជាក់ថា «វិស័យដីធ្លីកម្ពុជានៅតែរឹងមាំ មិនថាឆ្នាំក្រោយ ឬ ១០ឆ្នាំទៀតទេ ។ រឹងមាំព្រោះកម្ពុជា មានទីតាំងភូមិសាស្រ្ដល្អ គ្មានគ្រោះធម្មជាតិផ្សេងៗ ។ មួយទៀត គឺកត្តាសេដ្ឋកិច្ចល្អ ជាក់ស្ដែងជាង ២០ឆ្នាំមកហើយ កំណើនសេដ្ឋកិច្ចកម្ពុជា រក្សាបានក្នុងបរិមាណ ៧% ។ អ្វីដែលសំខាន់ គឺស្ថានភាពនយោបាយរឹងមាំណាស់ នៅពេលនយោបាយរឹងមាំហើយ សេដ្ឋកិច្ចក៏រឹងមាំតាមហ្នឹងដែរ» ។
ដោយផ្អែកលើកត្ដាសំខាន់ៗខាងលើ លោកបណ្ឌិត គីម ហ៊ាង ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការបើកសាខា និងអនុសាខារបស់ខ្លួន នឹងជំរុញឲ្យដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនលំដាប់ពិភពលោក នៅកម្ពុជាមួយនេះ កាន់តែរីកចម្រើន ហើយផ្ដល់នូវផលប្រយោជន៍ជាច្រើន សម្រាប់សមាជិក KW Cambodia ពិសេសឱកាសអភិវឌ្ឍខ្លួន ដើម្បីក្លាយជាអ្នករកស៊ីដីធ្លី ស្ដង់ដារអន្ដរជាតិតែម្ដង ។
គួរបញ្ជាក់ថា ចំពោះសាខា និងអនុសាខា ដែលទើបទទួលបានសិទ្ធពី KW Cambodia គឺសាខាខណ្ឌដង្កោ, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ និងខណ្ឌពោធិសែនជ័យ រួមទាំងអនុសាខាក្រុងប៉ោយប៉ែត និងក្រុងកំពត ។ គិតមកទល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនេះ មានសមាជិកសរុប ១៤ សាខា និងអនុសាខា នៅប្រទេសកម្ពុជាហើយ ៕