ព័ត៌មានជាតិ

ទ្រូម៉ាន់នី-អម្រឹត ចាប់ដៃគ្នា ផ្តល់ជម្រើស​ ដ៏ងាយស្រួល ដល់អតិថិជន

ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន ឈានមុខគេមួយ លើការបម្រើសេវាកម្ម ផ្ទេរប្រាក់នៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចាប់ផ្តើម ប្រកាសជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតដែលជាគ្រឹះស្ថាន មួយឈានមុខគេ មានបម្រើសេវាកម្ម ប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗ ប្រកបដោយទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ។

តាមរយៈភាពជាដៃគូនេះ ដើម្បីផ្តល់ជម្រើសដ៏ងាយស្រួល ដល់អតិថិជនរបស់អម្រឹត ក្នុងការទូទាត់សងកម្ចី តាមរយៈតាមភ្នាក់ងារទ្រូម៉ាន់នី ដែលមានជាង ១០០០០ កន្លែង នៅកម្ពុជា ឬតាមរយៈ True Money App ។

លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា “ការចុះហត្ថលេខា ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី បានឆ្លុះបញ្ចាំងពីកម្លាំងផ្គួប របស់ក្រុមហ៊ុនទាំងពីរ ដែលមានអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ ក្នុងការកាត់បន្ថយចំណាយ ប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ឆ្លើយតបទៅ នឹងតំរូវការពិតប្រាកដ របស់អតិថិជន” ។

លោកបន្ដថា ភាពជាដៃគូនេះ នឹងធ្វើឲ្យស្ថាប័នទាំងពីរ កាន់តែមានភាពរឹងមាំកាន់តែខ្លាំងជាងមុន ពីព្រោះបានផ្តល់ជម្រើស ជាច្រើនដល់អតិថិជនកម្ចី របស់អម្រឹតឲ្យមានភាព ងាយស្រួល ក្នុងការបង់ប្រាក់កម្ចី ត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការ អម្រឹត ប៉ុន្តែតាមរយៈភ្នាក់ងារទ្រូម៉ាន់នី នៅជិតអតិថិជនតែប៉ុណ្ណោះ។

ចំណែក លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នីបានថ្លែងថា “ក្រោមកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនេះ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់ អត្ថប្រយោជន៍ យ៉ាងច្រើន ដល់អតិថិជនទាំងអស់ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយ សម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចី ដែលមានភាពងាយស្រួល ចំណេញពេលវេលា ចំណេញថវិកា និងមានសុវត្ថិភាពខ្ពស់”។

លោកស្រីរៀបរាប់ថា អតិថិជន មិនចាំបាច់ចំណាយ ពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើដំណើរទៅឆ្ងាយ ពីតំបន់របស់ខ្លួនទៀតឡើយ គឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារ ទ្រូម៉ាន់នី យ៉ាងច្រើនកន្លែងក្នុងតំបន់ រួចប្រតិបត្តិការ បង់ប្រាក់កម្ចីជាការស្រេច ។ កាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចីដោយភាពងាយស្រួល និងដោយខ្លួនឯងផ្ទាល់តាមរយៈកម្មវិធី True Money (True Money App) ។

លោកស្រីបញ្ជាក់ថា ដើម្បីអបអរសាទរដល់កិច្ច សហប្រតិបត្តិការនេះ អតិថិជនអាចបង់ប្រាក់កម្ចីទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ជាមួយកម្មវិធីពិសេស ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរំលឹកថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្ម ដែលផ្តល់សេវាទូទាត់ចល័ត នៅអាស៊ីអាគ្នេយ៍ដែលនិង កំពុងធ្វើប្រតិបត្តិការចំនួន៦ប្រទេស រួមមានកម្ពុជាផងដែរ។ ក្រុមហ៊ុនមានទស្សនវិស័យច្បាស់លាស់ និងបានក្លាយជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយចំនួនភ្នាក់ងារច្រើនបំផុត ចំនួនអតិថិជនច្រើនជាង២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំ ខែជិត៣លានប្រតិបត្តិការ ។

ចំណែក អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជនដំបូង គេបង្អស់បង្កើតឡើងឆ្នាំ១៩៩១ និងទទួលបានអាជ្ញា ប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ ពីធនាគារជាតិ នៃកម្ពុជានៅឆ្នាំ២០០១ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ពីសាធារណជននៅខែមករា ឆ្នាំ២០០៩ ។ បច្ចុប្បន្ន អម្រឹត មានបុគ្គលិកជាង ៤.០០០ នាក់ ដែលបានបម្រើអតិថិជនជាង៥០០.០០០ នាក់ តាមរយៈការិយាល័យ ប្រតិបត្តិចំនួន១៥៨ សាខា ទូទាំងកម្ពុជា ដែលមានប្រាក់បញ្ញើជាង៥១០លានដុល្លារ សំពៀតឥណទាន សរុបប្រមាណ ៩៥៣ លានដុល្លារ និងទ្រព្យសកម្មជាង ១ ១០០ លានដុល្លារ ៕

To Top