ភ្នំពេញ ៖ ក្នុងនាម ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្តីគណបក្សទាំងអស់ ហាមដាច់ខាតកុំយកតួនាទី ទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាការលុបដីសមុទ្រ នៅខេត្តកោះកុងជាដើម ។
ការដាស់តឿនក្រើនរំលឹក របស់ប្រធានគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីមាននាយទាហានពាក់ផ្កាយ២ម្នាក់ បានរំលោភទ្រព្យសម្បត្តិរដ្ឋ យកមកធ្វើជារបស់ខ្លួន ។ ទាហានពាក់ផ្កាយ២នោះមាន ទុន ដៀត បានធ្វើការចាក់ដីលុបសមុទ្រ នៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីពេលថ្មីៗនេះ ហើយសម្តេចតេជោក៏បានបញ្ជាឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ពិនិត្យករណីផងដែរ ។ សម្តេចតេជោថា បើមានករណីនេះមែន គឺមិនអាចបណ្តោយទេ នឹងត្រូវដកតំណែងហើយ។
តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបិទសន្និបាត គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ថ្ងៃ២២ ធ្នូ សម្ដេចតេជោ បានថ្លែងការរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីមានតួនាទី កំពុងបម្រើក្នុងជួររាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ ឲ្យទទួលបានសេវាសាធារណៈ ។ ក្នុងនោះ មានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកសំណូមពរនានា ពីប្រជាពលរដ្ឋដើម្បីបង្កើនជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋផងដែរ ។
សម្ដេចបន្តថា “ខ្ញុំសូមរំលឹកផងដែរដល់មន្រ្តី គឺហាមដាច់ខាតកុំតួនាទី ទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋ ធ្វើជារបស់ខ្លួន ដូចជាការលុបដីសមុទ្រនៅខេត្តកោះកុង យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម” ។
សម្តេចតេជោបន្ថែមថា គ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងសាមគ្គីភាព និងប្រមូលគ្រប់ធនធានទាំងឡាយ ដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ ។
សម្ដេចតេជោបន្តថា ដូច្នេះមន្រ្តីត្រូវរួមគ្នាបន្តចូលរួម ថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយសង្គមឲ្យបានរឹងមាំ ដើម្បីកម្ពុជាកាន់តែមានឱកាស អភិវឌ្ឍន៍ប្រទេសជាតិ ។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ដោយសារគណបក្សមានមាគ៌ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដល់ប្រជាពលរដ្ឋនោះ គឺមកទល់ពេលនេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ក្នុងនោះក៏មានការចូលរួម ពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើឲ្យគណបក្សកាន់តែរឹងមាំ បន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច៕ ដោយ៖ ធី លីថូ