ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា នឹងពង្រឹងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យប្រជាពលរដ្ឋ ក្នុងឱកាសពួកគាត់មកលេងកម្សាន្ត នាថ្ងៃបុណ្យចូលឆ្នាំសាកលឆ្នាំ២០១៩ ចូលឆ្នាំ២០២០ ដែលឈានចូលមកដល់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញមានការចូលរួមពី លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ព្រមទាំងមន្ត្រី សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា បុណ្យគ្រីសស្មាស និងចូលឆ្នាំសកល នឹងឈានចូលមកដល់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាស ឲ្យពួកគាត់សប្បាយរីករាយ។
លោកលើកឡើងទៀតថា “ដូច្នេះទេអ្វីដែលយើងត្រូវធ្វើនោះ គឺការរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយការសម្រួល បញ្ចៀសការកកស្ទះចរាចរណ៍ ខណៈប្រជាពលរដ្ឋ នឹងចូលរួមសប្បាយរីករាយ ក្នុងពិធីបុណ្យនេះ” ។
ចំណែកលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា ការបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្ក្រាបឲ្យខាងតែបាន ព្រោះបញ្ហានេះ ជាដើមចម បង្កឲ្យមានអសន្តិសុខក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែង ជលមាន់តាមអនឡាញ និងល្បែងស៊ីសងច្រើនប្រភេទទៀត ។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀនវិញ លោកបញ្ជាក់ថា ខែវិច្ឆិកា បង្ក្រាបបានចំនួន១៨៧ករណី ឃាត់ខ្លួនជនសង្ស័យ៣៣៩នាក់ ។
ទោះបីជាយ៉ាងណាក្តី លោក ស ថេត នៅតែបញ្ជាក់ថា ទីតាំងធំៗមួយចំនួនមិនប្រាកដថា មិនមានការធ្វើចរាចរគ្រឿងញៀននោះទេ ដោយសារពេលនេះ តាមក្លឹបធំៗ ពួកគេធ្វើសកម្មភាព ហាក់មានភាពវៃឆ្លាតជាងមុន ធ្វើឲ្យពិបាករកវត្ថុតាង ប៉ុន្តែទោះបីជាយ៉ាងណា លោកនៅតែខិតខំប្រឹងប្រែង ដើម្បីឈានទៅ បង្ក្រាបឲ្យមានប្រសិទ្ធភាព ។
លោកស្នងការបញ្ជាក់ទៀតថា តំបន់បឹងកក់ផ្លូវR៦ ឃើញថា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ទៅលើការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទោះបីបានបង្ក្រាបជាញឹកញាប់ក្តី៕ ដោយ៖ ម៉ៅ ដារាត់