ព័ត៌មានជាតិ

អភិបាលរាជធានី៖ ការិយាល័យ​ ប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ គឺជាយន្តការ បង្ខិតរដ្ឋបាលសាធារណៈ​ ឲ្យកាន់តែគៀកកិត នឹងប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង នៅក្នុងវគ្គផ្សព្វផ្សាយ ស្តីពីអនុក្រឹត្យ បង្កើតការិយាល័យប្រជាពលរដ្ឋ​ នៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យ ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព​ ក្នុងការផ្តល់សេវាសាធារណៈ គ្រប់ប្រភេទ​ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ។

ឃួង ស្រេង​ បានមានប្រសាសន៍ថា “ការិយាល័យប្រជាពលរដ្ឋ​ ដែលបង្កើតឡើងនៅ ថ្នាក់រាជធានីនេះ គឺជាយន្តការ បង្ខិតរដ្ឋបាលសាធារណៈ​ ឲ្យកាន់តែនៅគៀកកិត នឹងប្រជាពលរដ្ឋ ពិសេសគឺជាយន្តការតម្រង់ទិស ការិយាល័យ ច្រកចេញចូលតែមួយ ទំាងនៅថ្នាក់រាជធានី និងរដ្ឋបាលខណ្ឌ​” ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ​ បានណែនាំ ឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ និងប្រកបដោយភាព ស្មោះត្រង់ ដើម្បីឆ្លើយទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែលមកទទួលសេវា។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “សមាជិកសមាជិកាទំាងអស់ ធ្វើយ៉ាងណាក្រេបជញ្ជក់ចំណេះដឹង ទៅបំរើប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចការបំរើប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព មានតម្លាភាពនិងទាន់ ពេលវេលា” ។

លោក អភិបាលរាជធានីភ្នំពេញ ក៏បានពន្យល់ថា ការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យា ក្រឹត្យមួយដែលត្រូវបង្កើតឡើង សម្រាប់ទទួលនិងសម្របសម្រួល ដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹង ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

លោក ឃួង ស្រេង បន្តថា កិច្ចការនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល កំពុងជំរុញយ៉ាងខ្លំាងក្លា តាមបែបវិមជ្ឈការ និងវិសហមជ្ជការ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែល ពន្លឿនប្រសិទ្ធភាព ក្នុងការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីការបង្កើត ការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ៕

To Top