ព័ត៌មានជាតិ

ផ្ទុះអាវុធជាច្រើនគ្រាប់ ពេលសមត្ថកិច្ច ដេញបង្ក្រាបករណីគ្រឿងញៀន

ភ្នំពេញ : កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ (ក6) សហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានប្រដេញបង្ក្រាបជនសង្ស័យ ករណីគ្រឿងញៀន
នៅផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានដកកាំភ្លើង បាញ់តដៃជាមួយ សមត្ថកិច្ចអស់ជាច្រើនគ្រាប់ ចុងក្រោយសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន ២ នាក់ដកហូតបានកាំភ្លើងខ្លីមួយដើម ។

សមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថាជនសង្ស័យទី ១ ឈ្មោះមាស សិលា អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រីឯជនសង្ស័យទី២ ឈ្មោះគិតម៉េងលីអាយុ ១៨ ឆ្នាំមុខរបរជាសិស្សសាលា រស់នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀន ហើយសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតតាមដាន និងបានជិះប្រដេញ ជនសង្ស័យរហូតដល់ផ្ទះមួយកន្លែង ភ្លាមនោះជនសង្ស័យ បានដកកំភ្លើងបាញ់ចំនួន ៥ គ្រាប់មកលើសមត្ថកិច្ច ។ តែទោះជាយ៉ាងណា ជនសង្ស័យទាំងពីរនាក់ នៅតែមិនអាចគេចរួច ពីសំណាញ់ច្បាប់បានដែល សមត្ថកិច្ចបានធ្វើការសហការឡោមព័ន្ធ ឃាត់ខ្លួនភ្លាមតែម្ដង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី 2016 ពាក់ស្លាកលេខ1GD- 4729 និងប្រើប្រាស់កាំភ្លើងខ្លី ម៉ាកSIGSOWER P320 ចំនួនមួយដើម។

ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំងពីរ ត្រូវបានបញ្ជូនទៅអធិការខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំបន្ត៕

To Top