ព័ត៌មានជាតិ

ប្រធានវិនិយោគគិន ៖ ២០៣០ កម្ពុជា នឹងក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតខ្ពស់

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញកម្ពុជា សព្វថ្ងៃមានការរីកចម្រើន ស្ទើរគ្រប់វិស័យ លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគគិនកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ជាក់ជាពុំខាន ។

ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យស្ដីពី ផលិតផល និងឱកាសអាជីវកម្មនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកឡី សុភាព បានថ្លែងថា សព្វថ្ងៃកម្ពុជាមានការរីកចម្រើន ស្ទើរគ្រប់វិស័យជាក់ស្ដែង ប្រជាពលរដ្ឋ មានការងារ និងមុខរបរធ្វើស្ទើរគ្រប់គ្នា ដោយទទួលបានប្រាក់ចំណូល ខ្ពស់គួរឲ្យកត់សម្គាល់ ។

លោកបន្តថា “ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយើងនឹងគ្រោងនៅឆ្នាំ២០៣០ យើងនឹងឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ។ អីចឹងនៅឆ្នាំ២០៣០ កម្ពុជានឹងជាប្រទេស ដែលសម្បូរសប្បាយ” ។

លោកថា ចក្ខុវិស័យរាជរដ្ឋាភិបាល សង្កត់ធ្ងន់លើការបង្កើតមុខរបរ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ប្រធានហព័ន្ធវិនិយោគគិនកម្ពុជាបញ្ជាក់ថា នេះគឺជាការផ្សាយជាសាធារណៈរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ចេញទិសដៅ និងគោលដៅយ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ក្នុងឱកាសនោះ លោកក៏បានគាំទ្រចំពោះការចល័តទំនិញក្នុងប្រទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ហើយលោកចាត់ទុកការចល័តទំនិញក្នុងប្រទេស គឺជាការចាំបាច់ត្រូវយកចិត្តទុកដាក់ ៕ ដោយ៖ម៉ៅ ដារ៉ាត់

To Top