ភ្នំពេញ ៖ ប្រធានបទព្រំដែន កំពុងតែក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអតីតក្រុមប្រឆាំង បានយកមកវាយប្រហារ លើរាជរដ្ឋាភិបាល ក្រោយព្រះមហាក្សត្រ បានឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែន ឆ្នាំ២០១៩រវាងកម្ពុជា-វៀតណាម ។
ចំណុចនេះ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកជាសំណួរថា តើរឿងព្រំដែន រឿងគុណភាពអប់រំ និងសុខភាពពលរដ្ឋខ្មែរ មួយណាសំខាន់ជាង? ក្នុងនោះលោកបានបង្ហាញ ការយល់ឃើញផ្ទាល់ខ្លួនថា ជាតិមួយដែលពលរដ្ឋ មានការអប់រំអន់ខ្សោយ និងសុខភាពទន់ខ្សោយ មិនអាចការពារព្រំដែនបានទេ ។
លោក សាម អ៊ីន តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩បានលើកឡើងថា គុណភាពអប់រំ និងសុខភាពពលរដ្ឋ ទាក់ទងចម្បងទៅនឹងការវិនិយោគរបស់រដ្ឋ និងភាពជាអ្នកដឹកនាំ របស់រាជរដ្ឋាភិបាលថា តើយកចិត្តទុកដាក់ និងចាត់ចែង លើវិស័យទាំង២នេះយ៉ាងណា ។ ពិតហើយ វិស័យទាំង២នេះ បានរងឥទ្ធិពលពីវិបត្តិ និងសង្រ្គាមកាលពីអតីតកាល តែក៏កំពុងរងផលប៉ះពាល់ ពីភាពជាអ្នកដឹកនាំរបស់ អ្នកនយោបាយបច្ចុប្បន្ន ផងដែរ។
លោកថា នៅពេលដែលអ្នកដឹកនាំ នយោបាយឈ្លោះគ្នា បង្កើតសារនយោបាយគុំគួន សងសឹក កាច់បំបាក់ ជេរប្រមាថ តើគេកំពុងបង្រៀនពលរដ្ឋ ជាពិសេសយុវជនខ្មែរអំពីអ្វី? ពលរដ្ឋខ្មែររងផលប៉ះពាល់ សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ពេលបើកភ្នែកឡើង ឃើញអ្នកនយោបាយជេរគ្នា ចោទគ្នា និងចាប់គ្នាដាក់គុក ។
លោក សាម អ៊ីនបញ្ជាក់ថា “អ្វីៗដែលអ្នកដឹកនាំនយោបាយខ្មែរ កំពុងប្រព្រឹត្ត ជាមួយភាពឈ្លោះគ្នាគ្មានស្រាក់ស្រាន្ត កំពុងធ្វើឲ្យគុណភាពអប់រំ និងសុខភាពពលរដ្ឋខ្មែរនៅបន្តអន់ខ្សោយ ហើយធ្វើឲ្យជាតិខ្មែរអសមត្ថភាព ក្នុងការការពារទឹកដី និងព្រំដែនរបស់ខ្លួន” ៕