ភ្នំពេញ ៖ ក្រុមសិស្សនិស្សិតដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(DMC) ប្រមាណជា២០នាក់ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានទស្សនកិច្ចមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីការសរសេរព័ត៌មាន។
ការទស្សនកិច្ច របស់និស្សិត DMC ដឹកនាំដោយលោកសាស្ត្រាចារ្យ ឆាយ សុផល និងមានការធ្វើបទបង្ហាញនានា របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពីសំណាក់លោក សយ សុភា និពន្ធនាយក និងលោក សយ រិទ្ធី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ជំនួសមុខឱ្យលោក សយ សុភាព អគ្គនាយក, លោក សយ សុភា បានថ្លែងអំណរគុណដល់សាស្រ្តចារ្យ ថ្នាក់ដឹកនាំ និងនិស្សិត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ មកធ្វើការស្វែងយល់ពីដំណើរការប្រចាំថ្ងៃ ក៏ដូចជាចក្ខុវិស័យ របស់អង្គភាពដើមអម្ពិល ដែលបានឈរជើង ក្នុងវិស័យសារព័ត៌មាន ដើមអម្ពិល អស់រយៈពេលជាង១៣ឆ្នាំ។
លោក សយ សុភា បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាការគ្រប់គ្រងការីនិពន្ធ ក្នុងការប្រកួតប្រជែងដំណឹង ជាពិសេសមូលដ្ឋានគ្រឹះ ក្នុងការកសាងប្រភពដំណឹង និងទំនុកចិត្តពីមិត្តអ្នកអាន។
លោកប្រធានការិយាល័យនិពន្ធ បានលើកទឹកចិត្តឱ្យនិស្សិត ខិតខំសិក្សារៀនសូត្រ ជាពិសេសត្រូវមានស័្វយសិក្សាដោយខ្លួន ដើម្បីបំប៉នចំណេះ មិនឱ្យរីងស្ងួត ព្រោះសភាពការណ៍ពិភពលោក មានការវិត្តច្រើន ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលបច្ចុប្បន្ន បានឈានដល់កម្រិតឌីជីថល ហើយព័ត៌មានស្ថិតនៅក្នុងដៃបុគ្គលស្ទើរគ្រប់រូប។
លោកបន្ថែមថា “ការធ្វើជាអ្នកកាសែតម្នាក់ដ៏ល្អ ត្រូវមានចំណេះដឹងជំនាញវិជ្ជាជីវៈ និងមានក្រមសីលធម៌ បូករួមការយល់ដឹងពីច្បាប់នានា ដែលពាក់ព័ន្ធនឹងសារព័ត៌មាន។ វិជ្ជាជីវៈនិងក្រមសីលធម៌ គឺជាអាវក្រោះ ការពារអ្នកកាសែត”។
លោកក៏សំណូមពរនិងលើកចិត្តនិស្សិតDMC ចូលរួមបំពេញការងារ ក្នុងវិស័យសារព័ត៌មាននេះ ឱ្យបានយ៉ាងតិច២ឆ្នាំ នោះក៏ព្រោះតែពួកគាត់ ជាធនធានមនុស្សដ៏សំខាន់ ដែលបានទទួលការបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ ដែលជាសសរទ្រូង នៅក្នុងវិស័យព័ត៌មានរបស់កម្ពុជា តទៅថ្ងៃអនាគត។
លោកសាស្រ្តាចារ្យ ឆាយ សុផល ជំនួសមុខឱ្យនិស្សិតដែលមកបំពេញទស្សនកិច្ច បានថ្លែងអំណរគុណ ដល់លោក សយ សុភាព អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងសហការី បានអនុញាតិឱ្យនិស្សិតរបស់លោក ចុះមកស្វែងយល់ដោយផ្ទាល់ នៅក្នុងស្ថាប័នសារព័ត៌មាន ដើមអម្ពិល ដែលលោកចាត់ទុកថា ជាសារព័ត៌មានអនឡានឈានមុខគេមួយ ក្នុងចំណោមសារព័ត៌មានអនឡានជាច្រើនទៀត នៅកម្ពុជា។
មជ្ឈមណ្ឌលព័ត៌មាន ត្រូវបានបង្កើតឡើងនាថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០០៦៕
ដោយ ៖ អេង ប៊ូឆេង